ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្តាំផ្ញើនិស្សិតខ្មែរសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រ កសាងសមត្ថភាព​ សីលធម៌​ និងមានវិជ្ជាជីវៈច្បាស់លាស់ដេីម្បីបម្រេីប្រទេសជាតិ

ចែករំលែក៖

ប្រទេសឡាវ ៖ ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។

ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅ​ ក្នុងទីក្រុងវៀងចន្ទន៍។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូននិស្សិតនិងមន្រ្តីការទូតទំាងអស់ដែលមានវត្តមាននាឱកាសនោះ។

សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។

សម្តេចបានលើកឡើងថា​ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបក្មួយៗនិស្សិតពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតសំខាន់លើការថែរក្សាការពារសុខសន្តិភាព និងការលើកកម្ពស់ជីវភាពលរដ្ឋប្រកបចីរភាព។

សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។ សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន មួយរូប​ បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា។

តាមរបាយការណ៍របស់ លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា​ ប្រចាំប្រទេសឡាវ និស្សិតកម្ពុជាកំពុងសិក្សានៅឡាវមានចំនួន៦៧នាក់ ក្នុងនោះ៣០នាក់ជាស្រ្តី។សិក្ខាកាមយោធាផ្លាស់ប្តូរមានចំនួន២៥នាក់ បួននាក់ជាស្រ្តី ចំណែកសិក្ខាកាមនគរបាលមានចំនួន៤នាក់ម្នាក់ជាស្រ្តី។ និស្សិតកម្ពុជា សិក្សានៅប្រទេសឡាវ​ សិក្សាលើជំនាញជាច្រើន ដូចជាអក្សរ សាស្រ្តឡាវ កុំព្យូទ័រ ស្ថាបត្យកម្ម ភាសាអង់គ្លេសជាដើម។

សម្តេចមហារដ្ឋសភាធិការធិបតី បានមានប្រសាសន៍ថា​ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះនិស្សិតនិងពលរដ្ឋខ្មែរដែលសិក្សា និងធ្វើការនៅក្រៅប្រទេសជាប្រចាំ៕

ដោយ ៖ សិលា


ចែករំលែក៖