ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូទៅយកកូនធ្លាក់ចូលប្រឡាយស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូធ្លាក់ចូលប្រឡាយទឹកគ្មានអ្នកណាដឹងនិងជួយសង្រ្គោះបណ្តាលឱ្យស្លាប់ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវក្រវាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះ ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក  ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួកបានឱ្យដឹងថាៈនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹកមានប្រជាពលរដ្ឋឈ្មោះតិក តូវ ភេទប្រុស អាយុ៥១ឆ្នាំរស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក បានរាយការណ៍ថា: ពេលគាត់ជិះម៉ូតូតាមផ្លូវក្រវាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះចម្ងាយប្រហែល២០០ម៉ែត្រ បានប្រទះឃើញម៉ូតូនិងសពមនុស្សបានស្លាប់នៅក្នុងប្រឡាយទឹក ។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុទើបស្គាល់ថាជនរងគ្រោះឈ្មោះទូច តង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H .6690។

នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖ តាមការបំភ្លឺពីឈ្មោះភឿង បឿត អាយុ ៥៦ឆ្នាំត្រូវជាប្រពន្ធសពបានរៀបរាប់ថា មុនពេលកើតហេតុប្ដីគាត់បានផឹកស្រាស្រវឹង បន្ទាប់មកបានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅភូមិស្វាយ ក្រោយមកក៏ឮដំណឹងអកុសលថា ប្តីគាត់គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងដោយជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់ ។

នគរបាលបានបញ្ជាក់ទៀតថា៖ជនរងគ្រោះពេលជួបគ្រោះធ្លាក់ចូលទឹកប្រឡាយគ្មានអ្នកណាបានដឹងនិងជួយសង្រ្គោះទេ ហើយពេលគ្រោះថ្នាក់នោះម៉ូតូបានធ្លាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ ។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ក្រុមការងារត្រួតពិនិត្យរួច ៕

ដោយ៖ វណ្ណា


ចែករំលែក៖