ខេត្តកែប ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីជាទស្សនាទានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានអ្នកខ្លះ ឱ្យតែសម្តេចនិយាយពីរឿងសន្តិភាព ចោទសម្តេចថាផ្តាច់ការ ហើយលើកឡើងថា មិនដែលមានសង្រ្គាមកើតឡើងទៀតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងពេលអតីតកាល កាលពីជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ ដូច្នេះយើងមិនត្រូវមើលស្រាលឡើយចំពោះការថែរក្សាសុខសន្តិភាពនេះឱ្យបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើរយឺត ប៉ុន្ដែដើរដោយមានផែនការច្បាស់លាស់ ដូច្នេះការដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រទាំង ៤ របស់កម្ពុជាក៏ត្រូវអនុវត្តដូចគ្នានេះដែរ ៕
ដោយ ៖ សហការី