ព័ត៌មានទាន់ហេតុការណ៍៖

លោកស៊ូ ម៉ុល ៖ លេងកីឡាដើម្បីសុខភាព និងសូមអោយប្អូនៗទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងនិយាយថាទេចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងថា យើងលេងកីឡាដើម្បីសុខភាព និងសូមអោយប្អូនៗទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងនិយាយថាទេចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង។

ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៣ក្នុងការប្រកួតបាល់ទាត់មិត្តភាពបុរស_បាល់ទាត់នារី រវាងយុវជន សសយក ស្រុករមាសហែក និងកីឡាករ កីឡាការិនី X16ខេត្តត្បូងឃ្មុំ  ដោយមានការចូលរួមពីសំណាក់និងលោក ភួង សុភា ប្រធានច្រកព្រំដែនទន្លូង (X16) នៅតារាងបាល់ទាត់ អនុវិទ្យាល័យដូង ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល  ក៏បានផ្តាំផ្ញើ ណែនាំដល់ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ បុរសនិងនារី ក្នុងស្រុករមាសហែក ត្រូវរួមគ្នាខិតខំប្រឹងប្រែងហ្វឹកហាត់ រួមសាមគ្គីភាព និងសហការគ្នាជាក្រុម ដោយមិនអាចមានមោទនភាពចំពោះកីឡាករណាមួយបានឡើយ បើយើងរួមគ្នាជាក្រុម កត្តាទទួលបានជោគជ័យមានច្រើនសម្រាប់ក្រុមកីឡារបស់យើង ក៏ដូចជាការដណ្តើមជ័យជំនះសម្រាប់មុខមាត់ក្នុងស្រុករមាសហែករបស់យើងផងដែរ។

លោក អភិបាលស្រុក ក៏បានជំរុញដល់ក្មួយៗ ត្រូវយកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡាទៅតាមការបង្ហាត់បង្ហាញរបស់គ្រូបង្វឹកប្រកបដោយស្មារតីសាមគ្គីភាពនិង សូមចួលរួមគោរពច្បាប់ចរាចរណ៍អោយបានភ្ជាប់ខ្លួន ពាក់មួកសុវត្ថិភាព គោរពសិទ្ធិអាទិភាព និងចេះយោគយល់គ្នាផងដែរ។

បន្ទាប់ពីប្រកួតបាល់ទាត់ បុរសនិងនារី ត្រូវបានបញ្ចប់ លោកស៊ូ ម៉ុល សង្ឃឹម នឹងជឿជាក់ថា ក្រុមកីឡាករបាល់ទាត់ស្រុករមាសហែក យើង នឹងខិតខំប្រកួតបញ្ចេញឱ្យអស់ពីបច្ចេកទេស ជំនាញរៀងៗខ្លួន ដើម្បីនាំមកនូវជ័យជំនះ កិត្តិយសជូនប្រជាជន ក្នុងស្រុករមាសហែក ក៏ដូចជាមុខមាត់ខេត្តស្វាយរៀង របស់យើងជាក់ជាមិនខាន។

សូមបញ្ជាក់ថា ជាលទ្ធផល ក្រុមបាល់ទាត់នារី យុវជន សសយកស្រុករមាសហែក ឈ្នះ ៩ គ្រាប់ទល់និង២ គ្រាប់ ទៅលើក្រុម កីឡាការិនី X១៦ ខេត្តត្បូងឃ្មុំ  ចំណែក បាល់ទាត់បុរស យុវជន សសយក ស្រុករមាសហែក ទទួល បាន  ៣គ្រាប់ទល់និង៣គ្រាប់ស្មើគ្នា ជាមួយកីឡាករ X១៦ខេត្តត្បូងឃ្មុំផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖