ខេត្តកែប ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរនានាទាក់ទងនឹងវិស័យទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងដ៏រុងរឿង ដែលយើងត្រូវខិតខំប្រឹងប្រែងទាក់ទាញទាំងទេសចរបរទេស និងទាក់ទាញវិនិយោគផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍ គឺបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅនឹងកន្លែងតែម្ដង ខណៈឆ្នាំ ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមុតស្រួចជាច្រើនដើម្បីជំរុញវិស័យទេសចរណ៍របស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើរយឺត ប៉ុន្ដែដើរដោយមានផែនការច្បាស់លាស់ ដូច្នេះការដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រទាំង ៤ របស់កម្ពុជាក៏ត្រូវអនុវត្តដូចគ្នានេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនសូវនិយាយ ប៉ុន្តែធ្វើកិច្ចការងារច្រើន។ សម្ដេចធិបតី បានលើកឡើងថា, ជួនកាលខ្ញុំបានឃើញលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្ងាត់ៗចុះទៅដល់កំពុងភ្លុកតំបន់ទេសចរណ៍ខេត្តសៀមរាប ឯបឹងទន្លេសាប ៕
ដោយ : សិលា