ភ្នំពេញ៖ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែងគ្មានមនុស្សនៅចាក់សោចោល បង្កអោយមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋកាលពីវេលាម៉ោង២ៈ៤០នាទីរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ភ្លាមនោះដែរដោយសមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យឆាបឆេះផ្ទះនេះក៏បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយសារតែផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះនេះគឺចាក់សោចោល ទើបសមត្ថកិច្ចយើងសម្រេចវាយកម្ទេចសោនិងកញ្ចក់ដើម្បីបាញ់ទឹកពន្លត់ភ្លើងកុំឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
នៅក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះនេះគេសង្កេតឃើញមានវត្តមានលោកជា ខេមា អភិបាលខណ្ឌដូនពេញនិងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានចុះមកជួយអន្តរាគមន៍ផងដែរ។
ក្នុងករណីអគ្គិភ័យនេះដែរសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់បីគ្រឿង បាញ់ទឹកទឹកអស់ចំនួន២ឡាន។ គ្រោះអគ្គិភ័យនេះបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចនិងមិនមានមនុស្សរងរបួសទេ ។
ជំហានដំបូងសមត្ថកិច្ចមិនទាន់ដឹងថា បង្កឡេីងដោយសារអ្វីនោះទេ ហើយអគ្គិភ័យនេះរលត់ទៅវិញនៅវេលាម៉ោង ៣ រសៀល ថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ ជ្រោយពេជ្រ