ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលសភា CLV លើកទី១ នាទីក្រុងវៀងចន្ទន៍

ចែករំលែក៖

ប្រទេសឡាវ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម​ (CLV)​ លើកទី១ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលរៀបចំឡើងដោយរដ្ឋសភាឡាវ​ នៅសណ្ឋាគារ Crowne Plaza។ 

រដ្ឋសភាឡាវទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសភា CLV ជាលើកដំបូង​ នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ដែលរដ្ឋាភិបាលប្រទេសទាំងងបីបានបង្កើតឡេីងកាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ 

កិច្ចប្រជុំកំពូលសភាCLV ជាលើកទី១ ដែលរដ្ឋសភាឡាវទទួលធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូស្អែក ក្រោមធិបតីភាព​ លោក បណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ​ និង លោក​ THONGLOUN SISOULITH ប្រធានរដ្ឋឡាវ។ 

ក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកស្រី  ស៊ួនថន សាយ៉ាចាក់ អនុប្រធានរដ្ឋសភាឡាវ៕

ដោយ ៖ សហការី


ចែករំលែក៖