ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់និងរុស្ស៊ីពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតលើបញ្ហាក្នុងតំបន់និងអន្តរជាតិ ខណៈដែលលោកខាងលិចគាំទ្រការប្រល័យពូជសាសន៍នៅហ្កាហ្សា

ចែករំលែក៖

ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចោទប្រកាន់លោកខាងលិចថាកំពុងគាំទ្រអំពើ ប្រល័យពូជសាសន៍ប្រព្រឹត្តដោយអ៉ីស្រាអែល ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។
លោក រ៉ៃស៊ី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន ក្នុងទីក្រុងមូស្គូ ហើយដែលជំនួបផ្តោតលើតំបន់មជ្ឈិមបូព៌ានេះដែរ កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បិទបញ្ចប់ដំណើរទស្សនកិច្ចនៅឯប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូ៊ឌីត ជាទីដែលលោកបានពិភាក្សាពីសង្រ្គាមនៅហ្កាហ្សា អ៊ុយក្រែននិងតម្លៃប្រេងជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់ទាំង២។
ទាំងលោក ពូទីន និងលោក រ៉ៃស៊ី មិនបានលើកឡើងឡើយពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៉ីនឹងអ៉ីរ៉ង់ ដែលជាប្រភពនៃក្ដីកង្វល់មួយរបស់សហរដ្ឋអាមេរិកដែលបានចោទអ៉ីរ៉ង់ថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីប្រើក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ តាមលោក ពូទីន វាពិតជាមានសារៈសំខាន់បំផុតក្នុងការពិភាក្សាពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺដែនដីប៉ាឡេស្ទីន។
ចំណែក លោក រ៉ៃស៊ី វិញតាមរយៈអ្នកបកប្រែបានប្រាប់លោកពូទីនថាអ្វីដែលកំពុងកើតឡើងក្នុងដែនដីប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ជាការពិតណាស់ជាអំពើប្រល័យពូជសាសន៍និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គាំទ្រដោយសហរដ្ឋអាមេរិកនិងលោកខាងលិច។
លោក ពូទីន ក៏ធ្លាប់បានបង្ហាញពីភាពសោកសៅផងដែរចំពោះការបាត់បង់អាយុជីវិតប្រជាជនស៊ីវិលហ្កាហ្សា ប៉ុន្តែអ្នកអត្ថាធិប្បាយ លោកខាងលិចខ្លះនិយាយថា លោក ពូទីនមិនសមនិយាយពាក្យនេះនោះទេ ដ្បិតរុស្ស៉ីខ្លួនឯងកំពុងធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនដោយសម្លាប់ជនស៊ីវិលរាប់ពាន់នាក់។ យ៉ាងណាក៏ដោយ រុស្ស៉ីនិងបណ្ដាប្រទេសអារ៉ាប់មួយចំនួនបានចោទប្រកាន់លោកខាងលិចថាមានស្ដង់ដារពីរ ដោយគាំទ្រការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលនិងការបិទខ្ទប់លើតំបន់ហ្កាហ្សា ខណៈថ្កោលទោសនិងចោទរុស្ស៉ីថាប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖