ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ចោរ​លួច​កញ្ចក់​រថយន្ត​ប្រជាពលរដ្ឋ​ ចំនួន​ពីរនាក់​ ត្រូវ​បានឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ​តាមចាប់​ខ្លួនមុខ​សញ្ញា​ចោរ​លួច​កាត់​កញ្ចក់​រថយន្ត​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​នៅតាមដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ បានជនសង្ស័យចំនួន០២នាក់ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់​ ពាក់ព័ន្ធនឹងករណីលួចកាច់កញ្ចក់រថយន្ត ក្នុងខណ្ឌទួលគោក​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០០:៣០នាទី រំលង់អាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំបទបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កញ្ចក់រថយន្ត) ក្នុងខណ្ឌទួលគោក។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ ហ៊ុន ចាន់វីរៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្វើសកម្មភាពលួចនៅក្នុខណ្ឌទួលគោក ចំនួន០៣ដង)។

២-ឈ្មោះ ឈិន គឹមលី ភេទប្រុស ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖