ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ ការថ្លែងបែបនេះរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកបានអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងបំពេញបេសកកម្មជាច្រើនប្រទេសមកហើយ ក្នុងរយៈពេលជាង ៣ខែនេះ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «លើកណា ក៏ដូចលើកណា គ្មានឡើយអារម្មណ៍ក្រោមសម្ពាធរបស់របស់ប្រទេសនេះ ឬប្រទេសនោះ គ្មានឡើយអារម្មណ៍បង្ខំថា ត្រូវតែមានទំនាក់ទំនងល្អនឹងប្រទេសនេះ ប្រទេសនោះ»។ លោកថា គោលដៅចំបងនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសណាក៏ដោយ គឺស្វែងប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ សង្កត់ធ្ងន់ថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺ ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា «ត្រង់នេះ គ្មានអ្វីដែលមកបង្ខំឲ្យកម្ពុជា ត្រូវតែត្រូវរ៉ូវគ្នាជាមួយវៀតណាម ដូចខ្ញុំបញ្ជាក់អំបាញ់មិញចឹង វៀតណាមជាប្រទេសជិតខាងរបងជាមួយ ជាប្រទេសមិត្តប្រពៃណីរបស់កម្ពុជា ដូចឡាវ ហើយម្យ៉ាងវិញទៀត ដូចខ្ញុំលើកឡើងអំបាញ់មិញចឹង ដើម្បីបន្តការអភិវឌ្ឍតទៅថ្ងៃមុខទៀត សម្រាប់ប្រទេសកម្ពុជា ដែលជាការកត្តាចាំបាច់»៕
ដោយ៖ សហការី