ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន ធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចគាំពារបរិស្ថាន នៃក្រសួង បរិស្ថាន បានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោមទា ជុប និងលោកសាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី លោក លោក ស្រី តំណាងអង្គភាពចំណុះក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្រ្តី រាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងដៃគូជាតិ និងអន្តរជាតិ វិស័យឯកជន ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោក ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលាបូកសរុបលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថានដែលបានរៀបចំនៅថ្ងៃនេះមានគោល បំណងដើម្បីផ្សព្វផ្សាយលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងពិនិត្យពិភាក្សាលើ បញ្ហាប្រឈម និងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ខាងមុខ។ លោកគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានន២០២៣-២០២៨ (យុទ្ធសាស្រ្តទី១ ៖ ភាពស្អាត) និងតួនាទីនិងភារកិច្ចដូចមានចែងក្នុងអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន អគ្គ នាយកដ្ឋានគាំពារបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តស្នូលកិច្ចគាំពារបរិស្ថានចំនួនបី ក្នុងគោលបំណងលើក កម្ពស់សុខភាពសាធារណៈ និងអភិរក្សជីវៈចម្រុះក្នុងការ ទប់ស្កាត់ការបំពុលបរិស្ថាន (ទឹក ដី ខ្យល់ បរិយាកាស) រួមមាន ៖ ១)ពង្រឹង ពង្រីក បង្កើត និងអនុវត្តប្រព័ន្ធគ្រប់ គ្រងសំណល់(រឹង រាវ ឧស្ម័ន ប្លាស្ទិក និងសំណល់ គ្រោះ ថ្នាក់) ដោយគិតគូអំពីប្រសិទ្ធភាពសេដ្ឋកិច្ចលទ្ធភាពធនធានហិរញ្ញវត្ថុ និងនិរន្តរភាពបរិស្ថាន និងសង្គម។ ២) ពង្រឹង និងធ្វើទំនើបកម្មការគ្រប់គ្រងគុណភាពបរិស្ថាន(ទឹក ដី ខ្យល់ សំឡេង និងរំញ័រ) ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ តាមរយៈការធានាបាននូវការគោរព និងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌតម្រូវ និងលិខិតបទដ្ឋានគតិយុត្ត។ និង៣)ជំរុញការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ផ្សារភ្ជាប់ជាមួយនឹងការ អនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និងគោលនយោបាយភូមិឃុំសង្កាត់មាន សុវត្ថិភាព។

ក្នុងឱកាសនោះដែរ លោក ទា ជុប រដ្ឋលេខាធិការ បាន ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនពី សំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដើម្បីបុព្វហេតុការពារបរិស្ថាន អភិរក្សជីវៈចម្រុះ គ្រប់គ្រង ធនធានធម្មជាតិ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាចូលរួមលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាព សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រសួងបរិស្ថានបាននិងកំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈម និងតម្រង់ទិសលើការងារគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត ក៏ដូចជាការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលនានា ដើម្បីបុព្វហេតពិភពលោក និងមនុស្សជាតិ។ 

ជាក់ស្តែង ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញ ភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការចូលរួមអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែន ការសកម្មភាពនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ នីតិកាលទី៧នៃរដ្ឋសភា យុទ្ធសាស្រ្តជាតិដែលមានជាធរមាន ក្របខណ្ឌ អនុសញ្ញាអន្តរជាតិពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស ចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹត្យកម្មបរិស្ថានកិច្ចឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋ កិច្ច សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយនៅឆ្នាំ២០២៥០។

ក្នុងចំណោមភារកិច្ចជាអាទិភាពរបស់ក្រសួង កិច្ចគាំពារបរិស្ថាន គឺជាកិច្ចការដ៏មានសារៈសំខាន់មួយ ដែលក្រសួងបរិស្ថានតែងតែយកចិត្តទុកដាក់ខ្ពស់។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថានបានរចនាឡើងជារង្វង់ ដោយមានយុទ្ធសាស្រ្តស្នូលផ្តោតលើមុំចំនួន៣ មានជាអាទិ៍ ៖ការពង្រឹងគោលយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះជាកម្លាំងចលករ ដ៏សំខាន់ក្នុងការបង្វិលយុទ្ធសាស្រ្តបីផ្សេងទៀតឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ភាពស្អាតដែលផ្តោត លើមុំ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ការពង្រីកចលនាដាំដើមឈើ ការជំរុញការ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង

យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហ ប្រតិបត្តិការ និងការពង្រឹង ការសម្របសម្រួល។

គួរបញ្ជាក់ឱ្យដឹងថា អង្គសិក្ខាសាលាក៏មានវាគ្មិនធ្វើបទបង្ហាញលើប្រធានបទចំនួន៦ រួមមាន ៖ ១)ការគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ ២)ការគ្រប់គ្រងគុណ ភាពទឹក ៣)ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក ៤)ការ គ្រប់គ្រងសារធាតុ និងសំណល់គ្រោះថ្នាក់ ៤)ការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និង៥)ការវាយ តម្លៃហេតុប៉ះពាល់បរិស្ថាន។ កិច្ចពិភាក្សាក្នុងការផ្តល់ធាតុចូលនៃអង្គ សិក្ខាសាលានាថ្ងៃនេះ គឺជាដំណោះ ស្រាយមួយបន្ថែមទៀត ដើម្បីកំណត់ទិសដៅសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពលើកិច្ចគាំពារបរិស្ថាន ហើយក៏ជាធាតុចូលមួយ សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារវិស័យបរិស្ថាន និងទិសដៅការងារបន្តរបស់ក្រសួងបរិស្ថាន ដែលនឹង ប្រព្រឹត្តទៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖