ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ឱ្យដឹងថា ការបោះបង្គាលព្រំដែនរវាងកម្ពុជា និងវៀតណាម មិនទាន់អាចកំណត់ថានឹងត្រូវបញ្ចប់នៅពេលណានៅឡើយទេ ខណៈនៅសល់តែ ១៦ភាគរយទៀត ខណៈលោកបញ្ជាក់ថាគោលបំណងរបស់នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺចង់បញ្ចប់ឱ្យបានឆាប់។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច២ថ្ងៃរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយអះអាងដូច្នេះថា៖ «ក្នុងចំណោម ១៦ភាគរយ គឺ ៦ភាគរយ ថាភាគីទាំងពីរសម្រេចចិត្តថាត្រូវតែសម្រេចឱ្យបានសិន ចាំគិតគូរ ១០ភាគរយបន្ថែមទៀត។ មែនទែនទៅទាំងកម្ពុជា និងវៀតណាម មិនអាចកំណត់បានទេថាវានឹងចប់នៅពេលណា?»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់បន្ថែមថា តែយ៉ាងណាមិញ នាយករដ្ឋមន្ត្រីកម្ពុជាបានពន្លឿនឱ្យប្រទេសទាំងពីរបញ្ចប់បោះបង្គាលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានយ៉ាងឆាប់រហ័សដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ខណៈកិច្ចការងារនេះអូសបន្លាយរយៈពេលជាយូរឆ្នាំមកហើយ។
លោកថ្លែងថា៖ «ទាំងកម្ពុជា និងវៀតណាម មិនចង់ឱ្យបណ្តោយកម្ពុជា និងវៀតណាមក្លាយជាបញ្ហាជម្លោះព្រំដែនស្មុគស្មាញតទៅទៀត ចង់ធ្វើឱ្យបណ្តោយព្រំដែននៃប្រទេសទាំងពីរក្លាយជាទីតាំងអភិវឌ្ឍសេដ្ឋកិច្ច ពីព្រោះទាំងកម្ពុជា និងវៀតណាមត្រូវការស្ថេរភាព សន្តិភាព និងត្រូវការអភិវឌ្ឍតំបន់ជាយដែនឱ្យក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចដ៏ទំនើប»។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ ភាគីកម្ពុជា និងវៀតណាម បានដាក់ចេញទិសដៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ វិស័យការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គាលព្រំដែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់ប្រទេសកម្ពុជាវិញហើយ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ម្សិលមុិញ នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ សម្តេចធិបតីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម និងក្រុមហ៊ុនវិនិយោគធំៗរបស់វៀតណាមផងដែរ។
ជារួម ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់៕
ដោយ ៖ សិលា