ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការរងនគរបាលជាតិ៖​ សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង ដើម្បីអនុវត្តកិច្ចការងារក្នុងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅលប់បំបាត់ការផលិត-ជួញដូរ-ចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្រប់រូបភាព

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទីទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវីធីនិងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ នាយករងមន្ទីរ និងសិក្ខាកាមចំនួន៦៨នាក់ ស្រី៨នាក់ ។ 

លោក​វរសេនីយ៍ឯក​ ហុង​ វណ្ណ​រិ​ទ្ធ​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានឡើងរាយការណ៍ស្តី​ពី​ការ​សិក្សា​ដែល​មាន​រយៈពេល​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី១១​ ដល់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២៣​ ឃើញ​ថា​ សិក្ខាកាម​បាន​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​គ្រូឧទ្ទេស​ និង​ទទួល​បាន​ចំណេះ​ជំនាញ​ល្អ​ និង​មធ្យម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរដល់គណៈគ្រប់គ្រងវគ្គដែលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់យើង ឱ្យកាន់តែមានចំណេះ និង ជំនាញ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ឯក ព្រំ សន្ធរ បានគូសបញ្ជាក់ថា គ្រឿងញៀនកំពុងគម្រាមកំហែងគ្រប់ទីកន្លែង ជាពិសេសលើអ្នកប្រើប្រាស់ គ្រប់ច្រកល្ហក តាមទីជនបទ និងមានផលប៉ះពាល់ដល់សង្គមជាតិ។ ក្នុងន័យនេះ ទើបយើងជំរុញឱ្យមានការបើកវគ្គបំប៉នជំនាញ ដល់មន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យមានចំណេះនិងជំនាញ ក្នុងការបន្តការស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ឲ្យស្របទៅនឹង រាជរដ្ឋាភិបាលនីតិកាលទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិ៍ភាព និងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ ,ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុតនិងដោយអនុវត្តតាមផែនការដែលបានគ្រោងទុកអោយស្របទៅនិងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣។

លោកអគ្គស្នងការរង បានបន្តថា ក្រោយពីបញ្ចប់វគ្គនេះ សូមសិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញទៅបំរើផលប្រយោជន៍ជូនដល់អង្គភាព និងចែករំលែកបទពិសោធន៍ជូនដល់មន្ត្រីដទៃទៀត និងប្រើប្រាស់ចំណេះដឹងស្របទៅនឹងវិជ្ជាជីវៈ ដើម្បីអនុវត្តកិច្ចការងារក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅលប់បំបាត់ ការផលិត-ការជួញដូរ-ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្រប់រូបភាព។  ត្រូវប្រើចំណេះជំនាញស្របទៅនិងច្បាប់ ហើយស្មោះត្រង់ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ។ 

ជាមួយគ្នានេះដែរ លោក​អគ្គស្នងការ​រង​ សង្ឃឹមថា និងមានវគ្គបំប៉នជំនាញនេះបន្តបន្ទាប់ទៀត សម្រាប់មន្ត្រីអនុវត្តច្បាប់នៅមន្ទីរប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា និងអាចបន្តបើកវគ្គតាម បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖