ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៥៤២គ្រួសារដែលមានជីវភាពក្រីក្រ ខ្វះខាតក្នុងជីវភាពរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ ( ក្រ១ , ក្រ២ ) មកពី៦ភូមិ នៅសង្កាត់ព្រែកប្រា បានទទួលបណ្ណសមធម៍ និងបណ្ណទទួលរងហានិភ័យ ពីអាជ្ញាធរខណ្ឌច្បារអំពៅ សម្រាប់យកទៅប្រើប្រាស់ក្នុងការពិនិត្យព្យាបាលជំងឺផ្សេងៗដោយមិនបង់ប្រាក់ ។
ពិធីប្រគល់-ទទួលបណ្ណនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីយភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ តំណាងលោកអធិការនគរបាលខណ្ឌ , លោកស្រីអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។
លោកចេងមុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិ សំណេះសំណាលនិងផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋដូច្នេះថា គោលនយោបាយគាំពារសង្គមនេះត្រូវបានដាក់ចេញឲ្យអនុវត្ត តាំងពី អតីត សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណា លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងអនុវត្តបន្ត ក្នុងគោលដៅរួមតែមួយគឺ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ នៅគ្រប់ ខេត្ត ក្រុង រាជធានី ស្រុក ខណ្ឌ ។
ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌក៏បានពន្យល់ ពីអត្ថប្រយោជន៍ នៃបណ្ណសមធម៌និងបណ្ណទទួលរងហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណនេះ ដើម្បីយកទៅប្រើប្រាស់ឲ្យចំទិសដៅ ជាពិសេសគឺសម្រាប់ ទទួលសេវា ពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ចំពោះស្ត្រីមានផ្ទៃពោះពេលទៅពិនិត្យសុខភាពម្តងៗថែមទាំងទទួលបាន ប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលទៀតផង នៅពេលណាដែល បងប្អូនទៅពិនិត្យសុខភាព តាមគោលការណ៍ ណែនាំរបស់ មន្ត្រីសុខាភិបាល ។
ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាស្ថានភាព ស្ថេរភាពនយោបាយសង្គម ចូលរួមថែរក្សាសន្តិភាព ដើម្បីអោយរដ្ឋាភិបាលមានឱកាស ទ្រទ្រង់ជីវភាព និងសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនថែមទៀត ។
បន្ទាប់ពីទទួលបានបណ្ណសមធម៌និងបណ្ណទទួលរងហានិភ័យ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងលោកអភិបាលរាជធានីភ្នំពេញតាមរយៈលោកអភិបាលខណ្ឌច្បារអំពៅដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកយ៉ាងសកម្មដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានខណ្ឌ ៕
ដោយ៖ សណ្តោស