ភ្នំពេញ ៖ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ អង្គមហាសន្និបាត មានការអញ្ជើញចូលរួមជាសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ប្រតិភូ តំណាងសាខា ទាំង២៥ រាជធានី-ខេត្ត, អ្នកស្ម័គ្រចិត្ត ទាំង ១៤ អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធាន កិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។ សមាសភាពចូលរួមសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិ នៃ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រតិភូគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម, ស្ថាប័ន- អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល។
មហាសន្និបាត សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជូបត្ថម្ភ ជារៀងរាល់ខែ ត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមរៀងរាល់ឆ្នាំ និងក្នុង ឱកាសផ្សេងៗទៀត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សូម ព្រះអង្គទាំងទ្វេ មាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួត ជារៀងដរាប។ ជាមួយគ្នានេះ អង្គមហាសន្និបាត បានក្រាបបង្គំវន្ទាយាង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្តគង់ប្រថាប់ ជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជារៀងដរាបតទៅ។
មហាសន្និបាត បានត្រងត្រាប់នូវព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានផ្ញើនូវក្តីនឹករលឹក ស្រឡាញ់រាប់អាន និង ថ្លែងនូវការកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខាគ្រប់ៗអាណត្តិ ដែលបានខិតខំប្រឹងប្រែងក្នុងអភិបាល កិច្ចល្អ ដឹកនាំ ពង្រឹងសមត្ថភាពសាខា អនុសាខា មន្ត្រី អ្នកស្ម័គ្រចិត្ត យុវជនគ្រប់លំដាប់ថ្នាក់ មនុសត្វក់៩ឧត្តុង្គឧត្ដម ប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ ក្នុងការរស់ន ប្រមូលផ្តុំកម្លាំងមនុស្សធម៌ក្នុងប្រទេស នាំគ្នាជួយប្រជារាស្ត្រងាយរងគ្រោះ និងរងគ្រោះ នៅគ្រប់ទីកន្លែ បានទាន់ពេលវេលា មិនទុកនរណាម្នាក់ចោល។
មហាសន្និបាត បានប្រព្រឹត្តទៅតាមរបៀបវារៈ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. មហាសន្និបាត បានស្តាប់ដោយយកចិត្តទុកដាក់ និងអនុម័តលើរបាយការណ៍បូកសារុបការងារ ១០ឆ្នាំ (២០១៤-២០២៣) និងទិសដៅការងារអាណត្តិទី៧, បានពិនិត្យ អនុម័តរបាយការណ៍ ហិរញ្ញវត្ថុ ១០ឆ្នាំ (២០១៤-២០២៣) និងផែនការការងារហិរញ្ញវត្ថុអាណត្តិទី៧។ ជាមួយនឹង សមិទ្ធផលសម្រេចបាន, កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងព្រះបរមរាជវាំង ស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្តល់នូវការគាំទ្រ, ជួយឧបត្ថម្ភសម្ភារៈ, ថវិកា, បច្ចេកទេស ដល់សមាគមជាតិ ទាំងនៅថ្នាក់កណ្តាល និងតាមសាខា-អនុសាខា នៅក្នុង រាជធានី-ខេត្តទាំង ២៥។
២. មហាសន្និបាត បានប្រកាសរំសាយគណៈកម្មាធិការកណ្តាលអាណត្តិទី៦ ដែលមាន ៣២ រូប, និងបន្ទាប់មកបានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មាន សរុប ១៣ រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំង បានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ស្ដីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី ៧។
៣. មហាសន្និបាត សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការកណ្តាល, គណៈ កម្មាធិការសាខា/អនុសាខា, ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់, អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទ ក្រហមកម្ពុជា ដែលតែងតែបានយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ ដើម្បីបុព្វហេតុមនុស្សធម៌។
ក្នុងនាមជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌, កាកបាទក្រហមកម្ពុជា បានពិនិត្យឃើញថា ក្នុងពេលបច្ចុប្បន្ននេះ ក្នុងពេលបច្ចុប្បន្ននេះ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោក កាន់តែមានភាពមុតស្រួច មិនប្រាកដប្រជា ប្រកបដោយហានិភ័យខ្ពស់ គ្រោះថ្នាក់ខ្លាំង, រីឯការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលក្រោយវិបត្តិកូវីដ-១៩ នៅតែមានកំណើនយឺតនៅឡើយ។ ជាងនេះទៅទៀត ជម្លោះ ប្រដាប់អាវុធ និងសង្គ្រាមកើតឡើងនៅអ៊ុយក្រែន និងតំបន់មជ្ឈឹមបូព៌ា បានបង្កវិនាសកម្ម និងផលប៉ះពាល់ យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងសង្គម ដល់គ្រប់ប្រទេស ទោះច្រើន ឬតិច ដែលក្នុងនោះក៏មានព្រះរាជាណាចក្រ កម្ពុជាយើងផងដែរ។ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងគម្រាមកំហែងយ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី កុមារ មនុស្សវ័យចាស់ អ្នកមានពិការភាព។ លើសពីនេះទៅទៀត គ្រោះមហន្តរាយធម្មជាតិ បាននិងកំពុងកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន បង្កឱ្យមានបញ្ហាប្រឈមថ្មីៗ និងធំធេងជាងមុន បន្សល់ទុកនូវមហាវិនាសកម្ម បញ្ហាជនភៀសខ្លួន/ជនភៀសសឹក, ចំណាកស្រុក, ចលនាប្រជាសាស្ត្រ, ការខ្វះខាតស្បៀង និងបញ្ហាសុខភាពសាធារណៈ ជាពិសេសវិបត្តិមនុស្សធម៌ ។ល។
ចំពោះមុខស្ថានភាពបែបនេះ និងផ្អែកលើគោលដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហម។
សម្រាប់អាណត្តិទី ៧ រួមជាមួយការចូលរួមមតិយោបល់បន្ថែមរបស់សមាជិក សមាជិ៣ នៃអង្គមហាសន្និបាត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្តាល និងសាខា ក្នុងការកំណត់ទិសដៅការងារដូចតទៅ :
១. ត្រូវបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ជាមួយក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន សហគមន៍មូលដ្ឋាន និងចលនាយុវជននានា ដែលធ្វើសកម្មភាពសង្គម គាំទ្រកម្លាំងមនុស្សធម៌ ។
២. ថ្នាក់កណ្តាល និង សាខា ត្រូវនាំគ្នាចូលរួមអនុវត្តសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ និងត្រូវរៀបចំផែនការ និងទិសដៅការងារឱ្យស្របទៅតាមបរិបទជាតិ ក្នុងស្មារតីពង្រឹងភាពម្ចាស់ការ ការទទួលខុសត្រូវឱ្យកាន់តែខ្ពស់ ប្រកបដោយគុណភាព ប្រសិទ្ធភាព ផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ ត្រូវតែនាំគ្នាលើកកម្ពស់ការពង្រឹងតួនាទីស្នូលរបស់យុវជន ដោយត្រូវមាន ផែនការជាក់លាក់ក្នុងការពង្រឹង និងពង្រីកក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឱ្យបន្តស្ថិតនៅជា ក្លឹបយុវជនមួយដែលមានស្តង់ដារ និងសកម្មក្នុងការចូលរួមចែករំលែកចំណេះដឹង/ផ្លាស់ប្តូរបទ ពិសោធន៍, មិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត ក្នុងការសិក្សា, ក្នុងការបណ្តុះផ្ទាលឌីជីថល និងក្នុង ការកសាង/ពង្រឹងសមត្ថភាពយុវជនក្នុងភាពជាអ្នកដឹកនាំប្រកបទៅដោយគុណធម៌ សីលធម៌ ចរិយាធម៌ និងមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ចូលរួមដោះស្រាយបញ្ហាប្រឈមថ្មីជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ ការកសាងភាពធន់សហគមន៍ ការលើកកម្ពស់បរិស្ថានល្អ បរិស្ថានបៃតង និងលើកកម្ពស់សុខភាពសាធារណៈជាដើម។
៣. សូមចូលរួមទាំងអស់គ្នាក្នុងការផ្ដោតសារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម អនុវត្តផែនការអភិវឌ្ឍបៃតង កាត់បន្ថយការប្រើថង់ប្លាស្ទិក ដើម្បីខ្យល់បរិសុទ្ធ សុខុមាលភាព សង្គម និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងថែមទៀត។
៤. កាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងកម្លាំងសាមគ្គីភាព, កសាងនិងបង្កើនសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកឱ្យកាន់តែសកម្មនៅក្នុងការបន្ត ពង្រឹងភាពធន់សហគមន៍ និងក្នុងការពង្រីកការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន។
៥. សូមមន្ត្រីម្នាក់ៗ បន្តយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើការជាក្រុម បង្កើនសមត្ថភាពឱ្យទាន់តម្រូវការថ្មីនៃបច្ចេកវិទ្យា និងអភិវឌ្ឍមូលធនមនុស្ស ពោលគឺ ត្រូវសិក្សាបង្កើនចំណេះដឹង មានជំនាញវិជ្ជាជីវៈ មានសុខភាពល្អរឹងមាំ រស់នៅស្អាត មានអនាម័យ និងសីលធម៌ល្អ។
៦. ជាមួយនឹងការបន្តខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់បងប្អូនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមបន្តគាំទ្រ ដល់បេសកកម្មរបស់កាកបាទក្រហមកម្ពុជា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅ សកល” ដើម្បីកសាងសហគមន៍មានភាពធន់, ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពរស់នៅ ល្អប្រសើរ មានសុខភាពល្អ ចាប់ពីបុគ្គលម្នាក់ៗ ទៅគ្រួសារមួយ រហូតដល់សង្គមជាតិទាំងមូល។
សន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងអធិកអធមក្រៃលែង៕
ដោយ ៖ សិលា