ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រឿង លោក កឹម ជាតិ មជ្ឈដ្ឋានទូទៅ គាំទ្រចំពោះចំណាត់ការថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់តំណែង បន្តនីតិវិធីករណីព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញ លិខិតកោះហៅ ឈ្មោះ កឹម ជាតិ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩E0 ផ្លូវលេខ៤៤០. សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចូលមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង៨និង៣០នាទី ដើម្បីមកបំភ្លឺបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីមិច គ្រុប។ នាទីកន្លែង ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ (បន្ទប់លេខ២៨) ។ ជុំវិញបញ្ហានេះ, មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សូមគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងដំណាក់កាលសម័យវះកាត់ ។

លោក ទូច សុខ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” អោយដឹងថា, នេះគឺជាលិខិតពិតប្រាកដហើយ មិនមែនក្លែងក្លាយទេ ដែលចេញដោយអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ  បានកោះហៅ លោក កឹម ជាតិ លើកទី១ ដើម្បីចូលខ្លួនមកបំភ្លឺចំពោះ បណ្ដឹងមួយដែលចោទប្រកាន់ ថាលោកយកស្រារបស់គេ និងថវិកាប្រមាណជា ១០ម៉ឺនដុល្លារនោះ។

លោកបន្តថា, ការកោះហៅនេះគឺដើម្បីចូលឆ្លើយបំភ្លឺចំពោះបណ្ដឹងនោះ តាមនីតិវិធីព្រហ្មទណ្ឌ ដែលចែង ដោយក្រមនីតិវិធីព្រហ្មទណ្ឌ ។

លោកបញ្ជាក់ទៀតថា, ដើមឡើយអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ទទួលបទបញ្ជាពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់ចែងទទួល ស៊ើបអង្កេត ស្រាវជ្រាវ ទៅលើក្រុមទាំងឡាយ ដែលបានចុះប្រតិបត្តិការបង្ក្រាប ឬត្រួតពិនិត្យ នូវ ផលិតផលក្លែងក្លាយ ដែលរងបណ្ដឹង រងការរិះគន់ ជាពិសេសពីម្ចាស់អាជីវកម្ម អាជីវករ ផលិតផលនានា ហើយពាក់ព័ន្ធទៅនឹងសំណុំរឿង ប្ដឹងផ្ដល់លោក កឹម ជាតិ នេះ ! គឺអគ្គាធិការដ្ដាន ស្នើសុំគោលការណ៍ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាសមត្ថកិច្ចវិញ អញ្ចឹងហើយបានជា ពេលនេះ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺចាត់ការ កោះហៅ លោក កឹម ជាតិ មកបំភ្លឺចំពោះបណ្ដឹងទាំងនេះ។

សូមបញ្ជាក់ថា , ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក គឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ នេះបើយោងតាម អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបានព្រះរាជក្រឹត្យ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ព្រះមហាក្សត្រត្រាស់បង្គាប់ :

មាត្រា ១ : បញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចមហារធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ។

សូមរំលឹកថា, បន្ទាប់ពី អង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កោះហៅ លោក កឹម ជាតិ អាចមាន អស់លោក មួយចំនួនទៀត អាចដឹងថាខ្លួន បណ្តើរៗហើយ ពីព្រោះថា, អ្នកនាំក្រសួងមហាផ្ទៃ បានធ្លាប់បញ្ជាក់ថា, កន្លងទៅរកឃើញមានភាពមិនប្រក្រតី ដល់៧០% ចំពោះក្រុមប្រតិបត្តិការ ឬចុះត្រួតពិនិត្យ ផលិតផលក្លែងក្លាយ ៕

ដោយ ៖ សិលា 


ចែករំលែក៖