ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុក ស្រុករមាសហែក ជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងឃុំទាំង១៦ ត្រូវរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជំរុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងឃុំទាំង១៦ ត្រូវរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹង ចលនាប្រជាការពារឱ្យមានដំណើរការល្អព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​  កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុករមាសហែក។

លោកស៊ូ ម៉ុល អភិបាលស្រុក បានធ្វើការ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ការខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ របស់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងស្រុករមាសហែក ទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុង សកម្មភាពនានាជាមួយរដ្ឋបាលស្រុកទាំងការងារសង្គម និងការងារមនុស្សធម៌ ការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកត្តាផ្សេងៗជាដេីម បន្តខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក។

ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការនៃការគ្រប់គ្រងមន្ត្រីរាជការឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព

អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់នានា ពិសេសត្រូវផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សី ដែលកើតមាននៅប្រទេសវៀតណាម ទប់ស្កាត់នូវជំងឺ Covid-19 ប្រភេទថ្មី (អូមីក្រុង) តាមរយៈវិធានការ អនាម័យរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ ការពារ។

លោកបន្តថា អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ និងទឹកជំនន់ ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គីភ័យ ត្រូវបន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ និងរថយន្តមិនគ្រប់លក្ខណៈបច្ចេកទេស។

បន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និង ទាន់ពេលវេលាស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់។

បន្តជំរុញការងារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់ត្រឹមត្រូវ និងមិនយក កម្រៃសេវាពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់ឡើយ។

បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងឆាប់រហ័ស។

ចុះផ្សព្វផ្សាយដល់ប្រជាលរដ្ឋឱ្យធ្វើស្រូវប្រដេញទឹកនិងប្រាំង និងដាំបន្លែ ចិញ្ចឹមសត្វ តាមបែបគោលការណ៍ថ្មីចុះតាមដានពីសុខភាពសត្វនិចាក់វាក់សាំងការពារជំងឺសត្វ។

ចុះផ្សព្វផ្សាយដល់ប្រជាលរដ្ឋឱ្យយល់ដឹង ពីបរិស្ថាន និងកាក សំណល់សំរាមផ្សព្វផ្សាយស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ កាបញ្ឈប់បន្ទោរបង់ពាសវាលពាសកាលនិងមានបង្គន់អនាម័យគ្រប់ខ្នងផ្ទះ។

ការផ្តល់សេវានៅមន្ទីរពេទ្យបង្អែករមាសហែកបន្តផ្សព្វផ្សាយណែនាំអំពីអនាម័យលាងសំអាតដៃជាមួយសាប៊ូ ការពារចម្លងរោគ ដោយប្រើម៉ាស់ ៕

ដោយ៖ សុថាន


ចែករំលែក៖