ភ្នំពេញ៖ រដ្ឋបាល Digital របស់ក្រសួងបរិស្ថានបានផ្តើមដំណើរការសាកល្បងហើយ នៅក្នុងចំណោមថ្នាក់ ដឹកនាំរបស់ក្រសួង ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញពេលវេលាជាងមុននិងទទួលបានព័ត៌មានជាក់លាក់អំពីសកម្មភាព នានារបស់ថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទី១ នៃការដាក់ឱ្យប្រើសាកល្បងនេះ ក្រសួងទទួលបានភាពជោគ ជ័យឆ្លើយតបទៅនឹងដំណើរការការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងជាជំហានបន្ទាប់ក្រសួងនឹងដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅក្នុងចំណោមមន្រ្តីរាជការទាំងអស់ និងជាពិសេសមន្រ្តីឧទ្យានុរក្ស ។
ការប្រកាសនេះ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការ ងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
លើសពីនេះ ដើម្បីជំរុញឱ្យនាវាបរិស្ថានសម្រេចបានស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១នេះ ក្រសួងបរិស្ថានមានយុទ្ធសាស្រ្តចក្រាដែលជាត្រីវិស័យចង្អុលផ្លូវ និងជួយឱ្យសុក្រឹតកម្មបរិស្ថានកិច្ចសម្រេចបាន តាមរយៈបន្ទះកងវិលផ្នែកខាងក្នុងចំនួន ៣គឺ គោលនយោបាយ រដ្ឋបាល និងផ្សព្វផ្សាយ ដែលកងវិលទាំងនេះ រុញឱ្យមានចលនាទៅលើកង៣ នៅផ្នែកខាងក្រៅ គឺភាពស្អាត ភាពបៃតង និងចីរភាពហើយមុំទាំង៣នេះធ្វើឱ្យក្រសួងសម្រេចបាន នូវលទ្ធផលជាច្រើនដែលក្នុងនោះមានការគាំទ្រនិងប្តេជ្ញាចិត្តពីប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៣ លាននាក់ នឹងបានបន្តឥតដាច់នូវចរន្តនៃការគាំទ្រ ហើយកាន់តែធំឡើងៗជាលំដាប់ និងល្បីរន្ទឺនៅលើឆាកអន្តរជាតិ៕
ដោយ៖ សូរិយា