ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ទំនងជាមានការពិភាក្សាគ្នាលើការអភិវឌ្ឍរួមគ្នាមួយក្នុងតំបន់ត្រួត ស៊ីគ្នា (OCA) ទំហំ ២៦ ០០០គីឡូម៉ែត្រការ៉េ ត្រូវបានគេប៉ាន់ប្រមាណថា អាចមានផ្ទុកប្រេង និងឧស្ម័ន រាប់លានបារ៉ែលនៅក្រោមបាទសមុទ្រ។
ការសែត បាងកកប៉ុស្តិ៍របស់ថៃ បានចុះផ្សាយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ ថា រដ្ឋាភិបាលថៃគ្រោងនឹងបន្តការចរចាជាមួយរដ្ឋាភិបាលកម្ពុជានៅខែកុម្ភៈ ឆ្នាំក្រោយនេះ លើតំបន់សម្បូរថាមពល ទំហំ២៦.០០០ គីឡូម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ ជាប់ព្រំដែនសមុទ្រកម្ពុជា ដែលប្រទេសទាំងពីរទាមទារ។
កាសែតបាកកកប៉ុស្តិ៍ឱ្យដឹងទៀតថា លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ មានប្រសាសន៍ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ហើយធនធានថាមពល នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) នឹងស្ថិតក្នុងចំណោមរបៀបវរៈមួយដែលត្រូវលើកមកពិភាក្សាគ្នា។
កាសែត បាកកកងប៉ុស្តិ៍ បានដកស្រងសំដីរបស់រដ្ឋមន្ត្រីក្រសួងថាមពល លោកPirapan Salirathavibhaga ថាប្រទេសថៃនឹងត្រូវបើកការចរចាឡើងវិញជាមួយកម្ពុជា ជុំវិញបញ្ហានេះ ដោយសារបញ្ហានៅតែមិនទាន់ដោះស្រាយ ទោះបីជា មានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលមុនៗ ដើម្បីដោះស្រាយវាក៏ដោយ។
លោកក៏បានកត់សម្គាល់ផងដែរថា វានឹងពិបាកសម្រាប់ភាគីទាំងពីរក្នុងការឈានដល់ដំណោះស្រាយ ប្រសិន បើជម្លោះលើទឹកដីដែនសមុទ្រក្នុង OCA ត្រូវបានពិភាក្សារួមជាមួយនឹងការអភិវឌ្ឍន៍រួមគ្នានៃធនធានប្រេងនៅក្នុងតំបន់ក្នុងអំឡុងពេលការចរចា។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀត ភាគីទាំងពីរមានការស្ទាក់ស្ទើរក្នុងការថយក្រោយលើបញ្ហាព្រំដែនសមុទ្រ ទោះបីជាប្រទេសថៃត្រូវតែស្វែងរកវិធីដើម្បីបិទបញ្ហានេះក៏ដោយ។ លោកបន្តថា «នាយករដ្ឋមន្ត្រី និងខ្ញុំបារម្ភអំពីបញ្ហានេះ។ ប្រទេសថៃត្រូវការទាញយកធនធានថាម ពលនៅក្នុងតំបន់នេះ ដើម្បីជាដំណោះស្រាយចំពោះការខ្វះខាតថាមពល ដោយសារទុនបំរុងឧស្ម័នធម្មជាតិរបស់ប្រទេសកំពុងត្រូវបានបាត់បង់ពី១ថ្ងៃទៅ១ថ្ងៃ»។
លោក Pirapan និយាយថា «បើគ្មានប្រភពថាមពលថ្មីទេ ប្រទេសនេះនឹងមានបញ្ហានៅពេល អនាគត។ ដូច្នេះហើយបញ្ហានេះមានសារៈសំខាន់ក្នុងការចរចា»។
តំបន់ OCA ត្រួតស៊ីគ្នានៅលើព្រំដែនកម្ពុជា និងថៃក្នុងឈូងសមុទ្រ ហើយជាចំណុចនៃជម្លោះរវាងប្រទេសទាំង ២ដែលបានទាមទារយកតំបន់នេះតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ។ អនុស្សរណៈនៃការ យោគយល់គ្នាដើម្បីរួមគ្នារុករកនៅតំបន់ OCA ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រោយមកត្រូវបានផ្អាកដោយរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៩៕
ដោយ៖ សហការី