ភ្នំពេញ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកម្មវិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ។
យោងតាមសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ជ្រាបថា ដើម្បីរំលឹកដល់ គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវឯកភាពជាតិនៅកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ហើយក៏ មានវត្តមានឥស្សរជន ជាតិ និងអន្តរជាតិសំខាន់ៗ អញ្ជើញចូលរួមផងដែរ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររយៈពេល ០៣ថ្ងៃនេះផងដែរ ក៏មានរៀបចំកម្មវិធីដូចជា៖
– ការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ
– រៀបចំពិព័រណ៍អំពីសមិទ្ធិផលរាជរដ្ឋាភិបាលនានា, ពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ
– សិល្បៈទស្សនីយភាព និងការប្រគុំតន្ត្រី
– ពិធីអាហារល្ងាចត្រៀមរាប់ថយក្រោយឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
– បាញ់កាំជ្រួចអបអរសាទរ។
ដូច្នេះ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអធិកអធម នូវព្រឹត្តិការជាប្រវត្តិសាស្ត្រដែលមាន តម្លៃដ៏ធំធេងនេះជូនសាធារណជនជាតិ-អន្តរជាតិ ទុកជាការចងចាំ និងជាមរកតសម្រាប់មនុស្សជំនាន់ក្រោយ សូម លោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចូលរួមផ្តិតយក រូបភាព និងយកព័ត៌មានក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ សូមចុះឈ្មោះស្នើសុំបណ្ណសំគាល់ខ្លួនចូល រួមតាមរយៈមន្ត្រីសម្របសម្រួលដូចខាងក្រោម៖
១,លោក ប៉ុក ហាក់ 016 839 336
២,លោក សំ វិបុល 096 999 94 79
ចាប់ផ្ដើមទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣៕
ដោយ៖ សហការី