ព័ត៌មានទាន់ហេតុការណ៍៖

បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោក Dato Ahmad Azam Bin Abrahman បេសកជន ពិសេសនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោក្នុង រយៈពេលកន្លងមកនេះ និងបានប្រែក្លាយពីប្រទេសកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈនិងក្លាយជាទីក្រុងដល់ទំនើប។

បើតាមការឱ្យដឹង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យលោក Dato Ahmad Azam Bin Abrahman បេសកជន ពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ នៅវិមាន៧មករា។ 

ក្នុងជំនួបនោះ លោក​ Dato Ahmad Azam Bin Abrahman បេសកជនពិសេសរបស់លោក អានវ៉ា អ៊ីប្រាហ៊ីម បាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជូនសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាមូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា។ 

ជាមួយគ្នានេះ​ លោកបេសកជនពិសេស​ បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោក្នុងរយៈពេលកន្លងមកនេះ និងបានប្រែក្លាយពីប្រទេសកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈ និងក្លាយជាទីក្រុងដ៏ទំនើប។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។

ជាកិច្ចឆ្លើយតបសម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ញើការសាកសួរសុខទុក្ខចំពោះសម្ដេច។ តាមរយៈលោកបេសកជន សម្តេចតេជោ សូមពាំនាំនូវការសួរសុខទុក្ខរបស់សម្ដេច ជូនឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីម វិញផងដែរ។ នៅក្នុងឱកាសនោះ សម្ដេចតេជោបានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ និងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ជូនចំពោះបេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរវាងប្រទេសម៉ាឡេស៊ីនិងកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍មូស្លីមនៅកម្ពុជា។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការប្ដេជ្ញាចិត្ត និងមិនបានអនុញ្ញាតឱ្យក្រុមជ្រុលនិយម ប្រើប្រាស់ទឹកដីដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ សហការី


ចែករំលែក៖