ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលបានវាយប្រហារផ្ទះពីរខ្នងនៅហ្គាហ្សា សម្លាប់មនុស្ស៧៦នាក់ក្នុងមួយគ្រួសារធំ

ចែករំលែក៖

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 90 នាក់បានស្លាប់ ក្នុងនោះមាន 76 នាក់មកពីគ្រួសារមួយ ដោយការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើផ្ទះពីរខ្នងនៅហ្គាហ្សាស្ទ្រីប។
យោងតាមសារព័ត៌មាន Associated Press ព័ត៌មានខាងលើត្រូវបានផ្តល់ដោយកងកម្លាំងជួយសង្គ្រោះ និងមន្ត្រីមន្ទីរពេទ្យកាលពីថ្ងៃទី 23 ខែធ្នូ មួយថ្ងៃបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា គ្មានកន្លែងណានៅក្នុងហ្គាហ្សាមានសុវត្ថិភាពទេ ហើយការវាយប្រហាររបស់អុីស្រាអែលបង្កជាឧបសគ្គធំដល់ការចែកចាយ ជំនួយមនុស្សធម៌។
នៅល្ងាចថ្ងៃទី 23 ខែធ្នូ អាជ្ញាធរសុខាភិបាល Gaza បានរាយការណ៍ថា មនុស្ស 201 នាក់បានស្លាប់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ លោក Mahmoud Bassal អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិល Gaza បាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 22 ខែធ្នូ បានធ្វើឱ្យផ្ទះពីរខ្នងត្រូវបំផ្លាញទាំងស្រុង រួមទាំងផ្ទះមួយនៅក្នុងទីក្រុង Gaza ដែលជាកន្លែងសមាជិកគ្រួសារ 76 នាក់ រស់នៅត្រូវបានសម្លាប់ទាំងអស់។ នេះជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងសង្គ្រាមនៅហ្គាហ្សា។
ក្នុងចំណោមអ្នកស្លាប់មាន Issam al-Mughrabi ជាបុគ្គលិកយូរឆ្នាំនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រពន្ធនិងកូនប្រាំនាក់។
លោក Achim Steiner អគ្គនាយកនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបាននិយាយថា “អង្គការសហប្រជាជាតិ និងជនស៊ីវិលនៅក្នុងតំបន់ Gaza មិនមែនជាគោលដៅនោះទេ” ។ សង្គ្រាមនេះត្រូវតែបញ្ចប់»៕

ដោយ៖ ធីរីណា


ចែករំលែក៖