ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ទិន្នន័យ គឺជាផែនទី និងត្រីវិស័យ ដែលជួយឱ្យរដ្ឋាភិបាលធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពេលប្រកាសផ្សព្វផ្សាយលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការដឹកនាំរដ្ឋពិតជាត្រូវការចាំបាច់នៅទិន្នន័យដែលជួយឲ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាអាចធ្វើជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ដោយខ្លួនឯង ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់មន្ត្រី។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ៖ បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើងក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។

សម្ដេចធិបតី មានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖