ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្ដូបឈ្នះឈ្នះអន្លង់វែង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ»។
ក្នុងពិធីនេះមានការចូលរួមពី ក្រុមកាងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រជាពលរដ្ឋ និងសិស្សានុសិស្យចំនួន៣២២៤នាក់ ដែលប្រព្រឹត្តិទៅទៅតាំងស្ដូប ឈ្នះឈ្នះលើភ្នំ២០០ ស្រុកអន្លង់វែង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ និងអ្នកចូលរួមក្នុងពិធីទាំងអស់ បានទស្សនាការផ្សាយផ្ទាល់ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ»។
លោកបានបន្តទៀតថា «ប្រទេសយើងបានស្គាល់នូវរសជាតិសន្តិភាព មិនបែកបាក់ចេញជាច្រើនភាគីតស៊ូប្រឆាំងនឹងគ្នា សមិទ្ធផលដ៏ធំធេងនេះ ជាស្នាដៃដឹកនាំប្រកបដោយគតិបណ្ឌិតរបស់មគ្គទេសក៍ឯក សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រើប្រាស់នីតិវិធីជាច្រើន តែផ្តោតសំខាន់ លើការឯកភាពជាតិជាធំ ដោយចាត់ទុកជាការងារអាទិភាព ដែលចាំបាច់ត្រូវអនុវត្តន៍មុនគេបង្អស់ គឺត្រូវធ្វើ យ៉ាងណា ឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ ជួបជុំក្រុមគ្រួសារ និងសង្គមជាតិឡើងវិញ»។
លោកថា តាមរយៈនយោបាយឈ្នះឈ្នះ គឺបាននាំនាវាកម្ពុជាឱ្យទទួលបាននូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ដោយជោគជ័យ៕
ដោយ៖ ចន្ទ លីហ្សា