ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​ជនបង្កដែលអ្នកបើករថយន្ដម៉ាក Hummer បុកម្តាយកូនស្លាប់និងប្តីរបួសធ្ងន់ នៅខណ្ឌដូនពេញ បានចូលខ្លួនមកសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ចហើយ!

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​! ជនបង្កអ្នកបើករថយន្ដម៉ាក Hummer បុកមនុស្ស២នាក់ម្តាយកូនស្លាប់និងបុរសជាប្តីរបួសធ្ងន់ នៅខណ្ឌដូនពេញ នាពេល​កន្លងទៅនេះ បានចូលខ្លួនមកសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។​ 

ជនបង្កដែលជាអ្នកបើករថយន្ដ Hummer នេះឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ 41 ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។

សូមជម្រាបជូនថា​ បន្ទាប់ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ ដោយសម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

គួររម្លឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hummer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។

ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល៕

ដោយ​៖ ស​ តារា


ចែករំលែក៖