ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មន្រ្តីនគរបាលយុត្តិធម៌មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ(លើកលែងបទល្មើសជាក់ស្តែង) ល្គឹកណាគ្មានបញ្ជាឲ្យឃាត់ខ្លួនពីលោកព្រះរាជអាជ្ញា។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពីធ្វើអាជីវកម្មផ្លូវភេទដែលបានអនុវត្តកន្លងមក(២០២៣) កាលពីរសៀល ថ្ងៃអង្គារទី២ ខែមករា ឆ្នាំ២០២៤ម្សិលមិញ នៅទីស្តីការក្រសួងមហាផ្ទៃ ។
លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឡើងអានរបាយការណ៍សង្ខេប ស្តីពីវិធានការបង្ការទប់ស្កាត់, វិធានការប្រមូលព័ត៌មាន, វិធានការបង្ក្រាបធានាប្រសិទ្ធភាពផ្លូវច្បាប់ សហការជាមួយព្រះរាជអាជ្ញា បង្កើនការបង្ក្រាបគោលដៅ និងមុខសញ្ញាប្រព្រឹត្តបទល្មើស ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, នីតិវិធីប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមនីតិវិធី ធ្វើកោសល្យវិច្ច័យការសាកសួរឲ្យមានភាពស៊ីសង្វាក់រវាងសាក្សី-ជនរងគ្រោះ-ជនល្មើស និងភស្តុតាង។
បន្ទាប់ពីបានស្តាប់ការស្រាយពន្យល់បំភ្លឺស្តីអំពីនីតិវិធីច្បាប់ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ដល់ស្នងការរងរាជធានី-ខេត្ត ដែលបកស្រាយពន្យល់ដោយលោកឧត្តមសេនីយ៍ទោ សុន ងី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួចមក លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានពន្យល់បន្ថែមនូវចំណុចខ្វះខាតមួយចំនួន និងបានដាក់ទិសដៅបន្តមួយចំនួនរួមមាន ៖
*ពង្រឹងសមត្ថភាពយល់ដឹងអំពីច្បាប់ ពីនីតិវិធី ពីជំនាញ និងចែករំលែកបទពិសោធន៍បន្ត។
*ការកំណត់អត្តសញ្ញាណត្រូវតែធ្វើឡើងតាមការកំណត់ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
*ត្រូវអនុវត្តរបបរាយការណ៍តាមឋានានុក្រម ឲ្យបានទាន់ពេលវេលា តាមការកំណត់របស់សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរបបកំណត់របស់នាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
*ត្រូវយកចិត្តទុកដាក់ឆ្លើយតបឲ្យបានទៀងទាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។
*ត្រូវពង្រឹងសាមគី្គភាពផ្ទៃក្នុង ជៀសវាងការប្រកាន់បក្ខពួក ។
*ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន អវត្តមានត្រូវមានច្បាប់ឲ្យបានត្រឹមត្រូវ។
*ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ វិន័យរបស់កងកម្លាំង
*ការពង្រឹងកិច្ចសហការ ត្រូវចេះជួយគ្នាទៅវិញទៅមក ។
*ការកំណត់បទល្មើសតាមមាត្រា ត្រូវបញ្ជាក់ឲ្យច្បាស់
*យើងរួមគ្នាខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី៧របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះជាអាទិ៍ភាព និងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ ,ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុតនិងដោយអនុវត្តតាមផែនការដែលបានគ្រោងទុកអោយស្របទៅនិងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣៕
ដោយ៖ តារា