ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ នូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖

១,របៀបចម្លង៖

• វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាម ផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារៈ ស្លាបព្រាបាន កែវទឹក។ល។

• វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា។

២,​ វិធានការបង្ការការចម្លងជំងឺអុតស្វា៖

• អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។

• ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។

• ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា​ ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។

• ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា។

• អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែលលាងដៃ ឬអាល់ក្បាលលាងដៃ។

.​ បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកលោតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។

.​ បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។ 

.​ បុគ្គល មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕

ដោយ​៖ តារា​


ចែករំលែក៖