ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងវិស័យយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងវិស័យយុត្តិធម៌ ក្នុងនោះ ១-លោក ជិន ម៉ាលីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ប្រធាន។ ២-លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន និងសមាជិក ចំនួន ៤រូប ជំនួយការស្រាវជ្រាវចំនួន ៦រូប។ 

ក្រុមការងារពិសេសនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

– សិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយ សម្រាប់ការងារ ពាក់ព័ន្ធនឹងការកែទម្រង់ក្នុងវិស័យយុត្តិធម៌

– ពិនិត្យ វិភាគ និងផ្តល់យោបល់លើការរៀបចំ ឬការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗក្នុងវិស័យយុត្តិធម៌

– តាមដាន និងវិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌

– រៀបចំសុន្ទរកថា បទអន្តរាគមន៍ និងឯកសារជំនួយស្មារតីនានារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

– អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

អនុប្រធាន និងសមាជិកនៃក្រុមការងារពិសេសនេះ ត្រូវចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់ ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានអាចកោះប្រជុំ ឬដឹកនាំកិច្ចប្រជុំជំនួសបាន តាម ការប្រគល់សិទ្ធិពីប្រធាន។

ប្រធានក្រុមការងារពិសេសនេះ មានសិទ្ធិអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងយុត្តិធម៌ដែល មានការពាក់ព័ន្ធ ដើម្បីចូលរួមផ្ដល់យោបល់ក្នុងកិច្ចប្រជុំ តាមការចាំបាច់។

ក្រុមការងារពិសេសនេះ ប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌ ដើម្បីអនុវត្តការងាររបស់ខ្លួន។ ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារពិសេសនេះ អាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ដោយផ្អែកលើសមិទ្ធកម្មការងារ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

នាយកខុទ្ធកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អត្តាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖