ព័ត៌មានទាន់ហេតុការណ៍៖

បក្សប្រឆាំង បង់ក្លាដែសមិនចូលរួមនៅក្នុងការបោះឆ្នោតសកល

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថានាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បាននិយាយថា គណបក្សប្រឆាំងធំជាងគេ ដែលធ្វើពហិការចំពោះការបោះឆ្នោតសកលនាថ្ងៃអាទិត្យនេះ គឺជាអង្គការភេរវកម្ម ហើយបានអះអាងថា លោកស្រីកំពុងព្យាយាមធានាឱ្យប្រទេសបង់ក្លាដែស នៅតែបន្តជាប្រទេសប្រជាធិបតេយ្យ។
គណបក្សជាតិនិយមបង់ក្លាដែស ហៅកាត់ BNP ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យនេះឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមានលក្ខណៈសេរីឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែស កុំទៅបោះឆ្នោតថែមទៀតផង។
លោកស្រី Hasina បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលរួមបោះឆ្នោតដូច្នេះថា «គណបក្ស BNP គឺជាអង្គការភេរវកម្ម។ ខ្ញុំកំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីធានាថាលទ្ធិប្រជាធិបតេយ្យ នឹងនៅតែបន្តក្នុងប្រទេសនេះ»។ លោកស្រីបានបន្តថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
ប៉ុន្មានខែមកហើយ ក្រុមប្រឆាំងបានទាមទារឱ្យលោកស្រី Hasina ដែលកាន់អំណាចតាំងតែពីឆ្នាំ២០០៩មក ចុះពីតំណែងរួចផ្ទេរអំណាចឱ្យរដ្ឋាភិបាលអព្យាក្រឹតមួយ ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងដំណើរការបោះឆ្នោត ក៏ប៉ុន្តែលោកស្រីបានបដិសេធយ៉ាងរឹងមាំ។ លោកស្រី Hasina បានរងការចោទប្រកាន់ថា អនុវត្តរបបដឹកនាំប្រទេសបែបផ្តាច់ការ រំលោភសិទ្ធិមនុស្ស បំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងចាប់អ្នករិះគន់ដាក់ពន្ធនាគារ។ គូប្រជែងធំរបស់លោកស្រី និងធ្លាប់ជានាយករដ្ឋមន្រ្តីបង់ក្លាដែស២លើក គឺមេដឹកនាំគណបក្ស BNP លោកស្រី Khaleda Zia កំពុងតែស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ក្រោមបទចោទប្រកាន់អំពើពុករលួយ ខណៈកូនប្រុសលោកស្រី Zia គឺលោក Tarique Rahman ដែលជាប្រធានស្តីទីរបស់បក្ស BNP កំពុងរស់នៅនិរទេសខ្លួន ក្រោយរងការចោទប្រកាន់បទល្មើសមួយចំនួន៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖