ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសន្ដិភាពទេ ប្រជាពលរដ្ឋនឹងមិនអាចរស់នៅប្រកបដោយសេចក្ដីសុខបានទេ

ចែករំលែក៖

ខេត្តកោះកុង ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ ហើយបើគ្មានសន្តិភាព យើងក៏មិនអាចបង្រួបបង្រួមជាតិបានដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្ដិភាព អាចកើតមានឡើងបាន គឺដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្រ្គាម និងមានការចូលរួមដោយស្មោះត្រង់ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ចំពោះអ្នកដែលតែងអះអាងថា ជាអ្នកការពារបរិស្ថាន ស្រឡាញ់បរិស្ថាននោះ ហេតុអ្វីមិនស្រែកការពារបរិស្ថានក្នុងពេលដែលប្រទេសកម្ពុជាយើងមានសង្រ្គាម? ពិតណាស់ ប្រាកដជាមិនអាចស្រែកបានទេ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ៖ គណបក្សប្រជាជនកម្ពុជាគឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ដោយសម្តេចធិបតី លើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅគឺបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ៕ 

ដោយ ៖ សិលា


ចែករំលែក៖