ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៤នាក់ ពាក់ព័ន្ធករណីខួងយករ៉ែគ្មានច្បាប់ ត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនបណ្ណោះអាសន្ន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បើយោងតាមលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា ៖  សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនជាតិវៀតណាមទាំង៤នាក់ហើយ នៅពន្ធនាគារកាំងមេម៉ាយ ពាក់ព័ន្ធករណីជីកកកាយខួងយករ៉ែខុសច្បាប់ នៅស្រុកថាឡាបរិវ៉ាត់ ។

លោកបានបញ្ជាក់ថា ៖ ជនជាតិវៀតណាមទាំង៤នាក់ ដែលត្រូវបញ្ជូនទៅឃុំខ្លួននោះរួមមាន ៖ 

១-ឈ្មោះTRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។ 

២-ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ 

៣-ឈ្មោះ ងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម ។

និង ៤-ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

សូមរំឭកថា កាលពីពេលថ្មីៗកន្លងទៅនេះ ជនជាតិវៀតណាមទាំង៤នាក់ខាងលើបានលួចទៅជីកកាយខួងយករ៉ែខុសច្បាប់នៅត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថចុះទៅធ្វើការឃាត់ខ្លួនរួចបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

បើយោងតាមរបាយការណ៍របស់កងរាជអាវុធ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរនោះ ហើយព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានថែមទៀត បានចុះបង្ក្រាបករណីខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណនៅចំណុចខាងលើ បានឃាត់រថយន្ត១គ្រឿងម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងកើតហេតុ ។

ក្នុងករណីបង្ក្រាបបទល្មើសខាងលើនោះដែរ ក្រៅតែពីការឃាត់ខ្លួនជនសង្ស័យ និងរថយន្តFORD កម្លាំងអាវុធហត្ថចាប់យកវត្ថុតាងនៅកន្លែងកើតហេតុមួយចំនួនថែមទៀតរួមមាន ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់ ឧបករណ៍ស្រូបរុករករ៉ែចំនួន០៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក ដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួនថែមទៀត។

សូមជម្រាបជូនថា៖ មិនថាលួចទៅជីកកាយខួងយករ៉ែខុសច្បាប់នៅត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ប៉ុណ្ណោះទេ សូម្បីនៅស្រុក កែវសីមា ខេត្តមណ្ឌលគិរី ក៏មានការលួចធ្វើអាជីវកម្មរ៉ែមាស យ៉ាងអនាធិ បតេយ្យ ទោះជាសមត្ថកិច្ច ជំនាញខាងមន្ទីររ៉ែថាមពល ចុះហាមឃាត់ក៏ដោយ បានត្រឹមហៅធ្វើកិច្ចសន្យា រួចសមត្ថកិច្ចដកខ្លួនចេញមកវិញ គឺសកម្មភាពរបស់ពួកគេ បន្តធ្វើវិញដដែល បន្ទាប់ពីត្រូវរ៉ូវគ្នាហើយនោះ ។ មានក្រុមហ៊ុនចិន១អះអាងថា មានឈ្មួញលួចធ្វើរ៉ែមាសលើដី ក្រុមហ៊ុនរបស់ខ្លួនដែលមានច្បាប់ ទោះប្តឹង អាជ្ញាធរ ជំនាញ ប៉ុន្តែគេលួចធ្វើដដែល ៕ 

ដោយ ៖ សិលា


ចែករំលែក៖