ភ្នំពេញ៖ ប្រុសចរិតស្រី និងបក្ខពួកសរុប៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានតុលាការសម្រេចដាក់ឲ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ តែក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា។
សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា : ក្រុមសិស្សបង្កហិង្សាទាំង ៥នាក់នោះ មានឈ្មោះ
១-ឈ្មោះ អាត សំណាង ហៅ Cherry ភេទប្រុស អាយុ ១៨ឆ្នាំ ( ប្រុសចរិតស្រី ) ជាអ្នកវាយលើជនរងគ្រោះ។
២-ឈ្មោះ ហូ ម៉ូលុច្ស ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នកថត។
៣-ឈ្មោះ យាន រស្មី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកវាយលើជនរងគ្រោះ។
៤-ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ ១៧ឆ្នាំ ជាអ្នកថត។
៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ ១៦ឆ្នាំ ជាអ្នកដឹកជនរងគ្រោះ និងជាអ្នកចាក់រុក។
បើតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា «អំពើហិង្សាដោយចេនា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើអំពើហិង្សានេះ បានប្រព្រឹត្តដោយមានការគិតទុកជាមុន ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ និងដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត»។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្តាញសង្គម បានចែកចាយវីដេអូដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមរយៈវីដេអូនោះ សិស្សប្រុសម្នាក់ ជាប្រុសចរិកស្រី និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើប្រាស់អំពើហិង្សា វាយទាត់ធាក់ ទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ ប្រុសចរិកស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ។
ក្រោយបែកធ្លាយខ្លិបវិដេអូនោះ ក្រុមសិស្ស ៤នាក់ បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមរម្លឹកថា ; កន្លងមក ករណីសិស្សសាលាប្រើហិង្សា វាយលើសិស្សសាលា ហើយថតវិដេអូ បង្ហោះហ្វេសប៊ុកនេះ បានកើតឡើងយ៉ាងហោចណាស់ ២ករណីហើយ នៅភ្នំពេញ។ ក្នុងនោះ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សា បង្កឡើងដោយក្រុមសិស្សស្រី ៤នាក់ ព្រួតគ្នា វាយលើសិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកក៏មានការចែកចាយនូវវីដេអូ និងរូបភាពសិស្សស្រីមួយក្រុម នៅវិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រីម្នាក់ទៀត កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ច បានបង្ក្រាប ទាន់ពេលវេលា ដើម្បីទប់ស្កាត់ នូវអំពើដែលប្រព្រឹត្ត ដោយក្មេងទំនើង គ្មានអាណិតអាសូរ ឪពុកម្តាយ អាណាព្យាបាល ដែលខិតខំប្រឹងប្រែងដើម្បីកូន ផ្ទុយទៅវិញ ពួកគេ សេពគប់ ជាមួយ តែក្មេង គ្មានសីលធម៌ ហើយសង្គម ស្អប់ខ្ពើមបំផុត ៕
ដោយ ៖ រ៉ារ៉ា