ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពអូសនិងដឹកជញ្ជូនលៀសនៅបឹងទន្លេសាបកំពុងគំរាមកំហែងពូជមច្ឆជាតិធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់មាត់កំពង់ដ(ចុងទឹក)ស្ថិតក្នុងភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់ជារៀងរាល់ល្ងាច ជាពិសេសនៅពេលយប់ ក្រុមឈ្មួញបានដឹកជញ្ជូនលៀសតាមកាណូតធំៗយ៉ាងគគ្រឹកគគ្រេង ដើម្បីច្រកចូលការុងលើកឡើងលើរថយន្តចំណុះ២តោនកន្លះ និង៥តោន រួចយកទៅឡើងរថយន្តប្រភេទវេអងយីឌុប(ភ្លៅ៥) ហើយបន្តដឹកទៅក្រៅប្រទេស(វៀតណាម)ដើម្បីកែច្នៃធ្វើជាចំណីត្រីឬបង្កង។ បញ្ហាបំផ្លិចបំផ្លាញពូជមច្ឆជាតិយ៉ាងមហន្ដរាយនេះ គេសង្កេតឃើញមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ចុះធ្វើការអប់រំអំពីសកម្មភាពរហូតឈានដល់ធ្វើការពិន័យជាអន្តរកាលផងដែរ ប៉ុន្តែដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ។ ការពិន័យអន្តរកាលដដែលៗមិនអនុវត្តច្បាប់បែបនេះស្មើនឹងធ្វើការពិន័យយកតែលុយឬយ៉ាងណា? ព្រោះដោយសារតែគេឃើញក្រុមឈ្មួញនៅតែធ្វើសកម្មភាពបានជារៀងរាល់ថ្ងៃដដែល ។

ប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ដដែលនោះឱ្យដឹងទៀតថា សកម្មភាពក្រុមកែច្នៃធ្វើឈ្នាងអូសលៀស អូសទាញដោយកម្លាំងម៉ាស៊ីន រួចដឹកជញ្ជូនបន្តទៅចែកចាយនៅមាត់កំពង់ដខាងលើ គឺបានធ្វើសកម្មភាពនៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងដែនសមត្ថកិច្ចខេត្តជាប់បឹងទន្លេសាបដូចជា(ខេត្តពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ល។) រួចដឹកជញ្ជូនបន្តតាមកាណូតធំៗទៅចំណុចដូចបានរៀបរាប់ខាងលើ(ភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់)។ នេះគេនិយាយត្រឹមតែជ្រុងមួយនៃបឹងទេន្លេសាប សម្រាប់តែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ រួចហើយច្រកលៀសចូលការុងលើកដាក់រថយន្តចំណុះ២តោនកន្លះ និង៥តោន ដើម្បីដឹកជញ្ជូនចេញទៅប្រទេសវៀតណាម តាមច្រកក្អមសំណ ខេត្តព្រៃវែង។ 

សូមបញ្ជាក់ថា ក្រុមឈ្មួញធំជាងគេនៅទីកន្លែងនោះត្រូវបានគេស្គាល់ឈ្មោះ ចែនី និងតាម៉ុង ។

បើយោងតាមសៀវភៅច្បាប់ស្ដីពីជលផល ពាក់ព័ន្ធឧបករណ៍ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងដឹកជញ្ជូនខាងលើ មាត្រា ៩៨ ជាប្រភេទបទល្មើសថ្នាក់ទី១ ត្រូវជាប់ពន្ធនាគារ ពី៣ឆ្នាំទៅ៥ឆ្នាំ។ កក្តាដែលធ្ងន់ធ្ងរបំផុតនោះ ឧបករណ៍ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីននេះគឺវាបំផ្លិចបំផ្លាញ ធនធានមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ី ។ ការទិញលក់ឬដឹកជញ្ជូនផលិតផលជលផលដែលបានមកពីការធ្វើនេសាទខុសច្បាប់ គឺត្រូវផ្ដន្ទាទោសតាមមាត្រាទី១០១ ដែលជាប្រភេទបទល្មើសជលផលទី៣ ត្រូវដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ឬពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល ដែលមាននៅក្នុងប្រការទី១៥ នៃមាត្រាទី១០១ ។

ពាក់ព័ន្ធបញ្ហាធ្វើនេសាទខុសច្បាប់ស្ដីពីជលផលខាងលើ លោក យូ វិចិត្រ នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ បានឱ្យដឹងបែបមិនទទួលខុសត្រូវ និងបានរាយការណ៍នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងរបាយការណ៍នោះ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដែលមានលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ដោះស្រាយនិងសម្របសម្រួល លើបញ្ហានៃការនេសាទដោយឧបករណ៍ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសដែលមានសមាសភាពចូលរួម លោក អភិបាលរងស្រុកក្រគរ លោកនាយរងផ្នែករដ្ឋបាលជលផលក្រគរ និងអាជ្ញាធរឃុំកំពង់ហ្លួង ។ 

ក្នុងរបាយការណ៍ដដែល កិច្ចប្រជុំរវាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ លោក អភិបាលស្រុកក្រគរ បានសម្រេចឱ្យអាជ្ញាធរមូលដ្ឋានកំណត់(អត្តសញ្ញាណ)ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំរកលៀស និងបានកំណត់ឱ្យត្រឹមចំនួន០៦ការុង ក្នុង១គ្រួសារ។ បញ្ជាក់៖ ក្នុង១ការុងស្មើទម្ងន់ចំនួន៨០គីឡូក្រាម ។ ចំពោះទីតាំងអូសលៀស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធត្រូវកំណត់ទីកន្លែងឱ្យបានច្បាស់លាស់ ។ ចំពោះការនេសាទដោយប្រើឧបករណ៍កែច្នៃ(ឈ្នាងអូសលៀស)ដោយប្រើប្រាស់កម្លាំងម៉ាស៊ីន មន្ត្រីជំនាញជលផលត្រូវសុំគោលការណ៍ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រេចការអនុញ្ញាតក្នុងការកំណត់កម្លាំងម៉ាស៊ីន ។ ចំពោះវិធានការ៖ ហាមឃាត់ដាច់ខាតលើការដឹកជញ្ជូនលៀសចំណីសត្វនាំចេញទៅក្រៅប្រទេស ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖