ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ មានសមិទ្ធផលជាច្រើនដែលក្រសួងកិច្ចការនារីសម្រេចបាន ជាពិសេសគឺផែនការយុទ្ធសាស្ត្រនារីរតនៈដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៥ ដែលមានការជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ក្រសួងកិច្ចនារីបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-ឆ្នាំ២០២៨ ដើម្បីឱ្យឆ្លើយតបទៅនឹងរបៀបវារៈ និងកម្មវិធីនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍គន្លឹះនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បង្ហាញការភ្ញាក់ផ្អើលខ្លាំងក្រោយឃើញយុវតីវ័យក្មេងជំនាន់ក្រោយកម្ពុជាបច្ចុប្បន្នជាច្រើននាក់កំពុងសិក្សាជំនាញផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថលជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំដល់ក្រសួងមហាផ្ទៃ ពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីអាភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា៕
ដោយ ៖ សិលា