ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសុយោដីទាំងអស់ ត្រូវចូលរួមបម្រើសេវា រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជាជីវ: និងតម្លាភាព ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តក្រចេះ ៖ មន្ត្រីសុយោដីទាំងអស់ ត្រូវចូលរួមបម្រើសេវា រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជាជីវ: និងតម្លាភាព ជូនប្រជាពលរដ្ឋ ។ នេះការលើកឡើងរបស់លោក ឡោក ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ 

សូមបញ្ជាក់ថា ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តក្រចេះ ក្រោមអធីបតីភាព លោក ឡោក ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងដោយមានការចូលរួមពី ប្រធាន អនុប្រធាន ប្រធាន អនុប្រធាន មន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសិក្ខាកាមជាមន្រ្តីស្ម័គ្រចិត្តសរុបជាង១០០នាក់ ។

លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ពីលទ្ធផលសម្រេចបានគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ -ប្រមូលទិន្នន័យចំនួន ៨៩ ៩៨៥ក្បាលដី-បិទផ្សាយចំនួន៨៤ ៦៧០ក្បាលដី-ចេញបណ្ណចំនួន៧០ ៣០៤ក្បាលដី-ចែកប័ណ្ណចំនួន៦៧ ០២៥ បណ្ណ ហើយក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៨៤, ៥៨៨ ក្បាលដី លើចំនួន ២៥២ភូមិ ៣៨ឃុំសង្កាត់ និង ៦ស្រុក ក្នុងនោះក្រុមចុះបញ្ជីដីធ្លី មានចំនួន ៦ ក្រុម មន្ត្រីសរុបចំនួន ១៤៣ រូប ដែលក្នុងនោះមាន-មន្ត្រីក្របខណ្ឌចំនួន ៤៥ នាក់-មន្ត្រីកិច្ចសន្យាមន្ទីរចំនួន ៤ នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៩៤ នាក់ ។

លោក ឡោក ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍គូសបញ្ជាក់ថា ៖ មកទល់ពេលនេះ ក្រសួងសម្រេចចេញបណ្ណបាន១០០%នៃក្បាលដី ដែលប៉ាន់ស្មានដំបូងបានចំនួនជាង៧លានក្បាលដីហើយ តែចំនួនក្បាលដីទូទាំងប្រទេសមិនទាន់ចុះបញ្ជីអស់នៅឡើយ។ ដើម្បីជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមចុះបញ្ជីដីធ្លីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកាទៀត ។ 

លោក រដ្ឋលេខាធិការ បានបន្តថា ៖ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដើម្បីបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងជំរុញការចុះបញ្ជីដីធ្លីឱ្យ បានឆាប់ចប់នៅទូទាំងប្រទេស ។ ដោយមានបេសកកម្មចំបងចំនួន២រួមមាន៖ ១).ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាន និងបន្តពួនជ្រុំដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន ២).កសាង និងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ។

លោក ឡោក ដាវុធ ក៏បានជំរុញឱ្យមានការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងលើភាគីវិវាទណាមួយ -បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹងការកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យកចិត្តដោះស្រាយរាល់សំណើ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖