ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចសម្ភារៈ ត្រូវបានកម្លាំងចំរុះ ស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៦:៤០នាទី  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សារដងទង់ ភូមិ០១  សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក យ៉ាន សុភាព ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទគាស់ទម្លុះទម្លាយលួចសម្ភារៈ ប្រព្រឹត្តនៅចំណុចឃ្លាំងទុកក្រណាត់ ភូមិ ថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សមត្ថកិច្ចបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ ស៊ាន សុផល ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកាប់ជ្រូក ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង  សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖