ភ្នំពេញ ៖ បុរស២នាក់បានរងរបួសដាច់ជើងទាំងសងខាង ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈជិះម៉ូតូឆ្លងស្តុបស្របពេលរថយន្តក្រឡុកស៊ីម៉ងត៍ បើកមកលឿនបុកកិនអូសទៅមុខជាច្រើនម៉ែត្រកិនម៉ូតូជាប់ក្រោមកង់រថយន្ត ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំង២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AE-4129 ឌុបគ្នាតាមបណ្តោយផ្លូវព្រៃស ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងស្តុបបត់ឡើងផ្លូវ២១៧វិញ ស្របពេលមានរថយន្តក្រឡុងស៊ីម៉ងត៍មួយគ្រឿង ពណ៌ខៀវពាក់ស្លាកលេខ 5A-0031 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូរួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ភាគីខាងម៉ូតូរងរបួសដាច់ជើងសងខាង ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើករថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូរងគ្រោះខាងលើ ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ