ខេត្តសៀមរាប ៖ រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងបងប្អូនសេវាករដឹកជញ្ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាបទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារអន្តរក្រសួងដែលបានកែសម្រួលឡើងវិញនូវសេវាប្រើប្រាស់ផ្លូវ និងចំណតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
សារលិខិតថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងបងប្អូនសេវាករដឹកជញ្ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាប ទាំងអស់ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលទិសឱ្យគណៈកម្មការអន្តរក្រសួងដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រជុំដោះស្រាយជាបន្ទាន់នូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និង សេវាករដឹកជញ្ជូនភ្ញៀវទេសចរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការពិនិត្យ និងកែសម្រួល ឡើងវិញនូវសេវាប្រើប្រាស់ផ្លូវ និងចំណតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការអន្តរក្រសួងបានដំណើរការការងាររបស់ខ្លួនយ៉ាងសកម្មជាមួយភាគីក្រុមហ៊ុន ហើយទទួល បានលទ្ធផលជាផ្លែផ្កាស្របតាមបំណងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋយើង។ លទ្ធផលជាទីគាប់ចិត្តនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាលំបាក និងតម្កល់ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិលើសអ្វីៗទាំងអស់។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតាថែរក្សា ទឹកដីអង្គរអច្ឆរិយៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ គ្រប់ប្រការជូនសម្តេចធិបតី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូម សម្តេចធិបតី និងលោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ៕
ដោយ ៖ សិលា