ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ

ចែករំលែក៖

ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ជាទូទៅមេដឹកនាំនយោបាយមួយ តែងតែលះបង់នៅពេលដែលខ្លួនធ្លាក់ឆ្នោត ឬប្រជាប្រិយភាពទាបបំផុតដើម្បី Refresh ប៉ុន្តែលើកនេះគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុត ប៉ុន្តែហេតុអ្វីបានមេដឹកនាំគណបក្សប្រជាជនកម្ពុជាត្រូវផ្ទេរទៅមនុស្សជំនាន់ក្រោយដើម្បីដឹកនាំ ជាជាងនៅបន្តដឹកនាំ? នោះក៏ព្រោះតែដើម្បីធានានូវនិរន្តភាពនិងស្ថិរភាព ដើម្បីប្រទេសជាតិមានការអភិវឌ្ឍទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តគោលនយោបាយនេះ មិនស្រួលទេ។ គោលដៅធំរបស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំដែលខំកសាងប្រទេសចាប់តាំងពីបាតដៃទទេរក្នុងការផ្ទេរតំណែងនាពេលនេះ គឺឱ្យផលប្រយោជន៍ប្រទេសជាតិ និងប្រជាជននៅតែបន្តធានាឱ្យបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលបានចេញគោលការដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងរយៈពេល៤២ខែ ដែលយើងអនុវត្តចាប់តាំងពីឆ្នាំ២០២០មក ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ ក្រោយមកក៏បានពង្រីកដល់ក្មេងៗ អាយុពីកើតដល់ ៥ឆ្នាំ និងផ្សេងៗទៀត និងអ្នកមានផ្ទុកមេរោគអេដស៍ផ្សេងៗ ហើយក្នុងរយៈពេល ៤២ខែនេះ រាជរដ្ឋាភិបាលបានចំណាយអស់ជិត ១៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសារ គិតជាប្រពលរដ្ឋ ២លាន ៧សែននាក់ បានទទួលផលពីជួយឧបត្ថម្ភសាច់ប្រាក់ជូនទៅគាត់តែម្តង ហើយនេះជាកាទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ឥលូវនៅលើកនេះពិភពលោកមានបញ្ហា ២ផ្ទួនគ្នា គឺជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបានបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ នៅក្នុងឆ្នាំនេះ ប្រទេសទាំងអស់កំពុងព្យាកររឿង អ៊ែនីញូ, ស្រូវឡើងថ្លៃធ្វើឱ្យប្រជាកសិករសប្បាយចិត្ត តែអ្នកប្រើប្រាស់កំពុងព្រួយបារម្ភរឿងអង្ករឡើងថ្លៃ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមវិធានការដើម្បីដោះស្រាយក្នុងកម្រិតណាមួយផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នៅពេលនេះ នៅកម្ពុជាកន្លែងខ្លះគឺកំពុងព្យាករមើលលើការប្រើប្រាស់ទឹករវាងការធ្វើស្រែ ជាមួយនឹងទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយកន្លែងខ្លះរដ្ឋបាលខេត្តបានចេញគោលការណ៍ណែនាំរួចហើយឱ្យមានការផ្អាកធ្វើស្រែប្រាំង ដើម្បីកុំឱ្យជួយបញ្ហា ហើយដែលបញ្ហានេះមិនមែនកើតមានតែនៅកម្ពុជាទេ នៅប្រទេសបារាំង អូស្ត្រាលី និងប្រទេសផ្សេងៗទៀត នៅពេលតែដល់ខែស្ងួតខ្លាំង គឺនឹងមានការណែនាំក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖