ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ! រាជរដ្ឋាភិបាលបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល បានអនុក្រិត្យ បង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ។ 

សម្រេច ៖ ត្រូវបានបង្កើត ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ ព្រំប្រទល់រដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃ អនុក្រឹត្យនេះ។

ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន ២គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក។ ទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្ទារសណ្តាយ។

ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ការបង្កើតក្រុងរុនតាឯកតេជោសែន ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ មាត្រា៦..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អភិបាលខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី អភិបាលស្រុក បន្ទាយស្រី ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង អភិបាលស្រុកប្រាសាទបាគង និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖