ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ

ចែករំលែក៖

ប្រទេសស្វីស៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងជំនួប លោក Anthony Tan បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។ 

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន Grab និងបានអរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេស ផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់ ។  ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ៕

ដោយ៖ សិលា


ចែករំលែក៖