ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិគ្រួសារទៀតហើយ! បុរសម្នាក់បានសុំត្រូវគ្នាជាមួយប្រពន្ឋវិញមិនបានក៏ខូចចិត្តមកលោតទឹកសម្លាប់ខ្លួនតែម្ដង

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូឡើងស្ពានជ្រោយចង្វា រួចឡើងលើបង្កាន់ដៃស្ពានលោតទឹកតែម្តង បន្ទាប់ពីតាមសុំត្រូវគ្នាជាមួយប្រពន្ធ តែប្រពន្ធមិនព្រម។ 

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា  ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   យោងតាមប្រភពព័ត៌មានពីបុរសដែលមានវិបត្តិខាងលើបានរៀបរាប់ពីមូលហេតុនៃការលោតទឹករបស់ខ្លួនថា មុនពេលកើតហេតុ គាត់បានឌុបកូនរបស់គាត់ទៅសុំប្រពន្ធត្រូវគ្នាវិញបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា តែប្រពន្ធរបស់គាត់ មិនព្រមត្រូវគ្នាវិញនោះទេ ទើបគាត់មានការអន់ចិត្តជាខ្លាំងគិតអ្វីមិនចេញក៏មកលោតទឹកតែម្តង។ 

    បុរសរងគ្រោះបានបន្ថែមថា បន្ទាប់ពីទទួលការបដិសេធពីប្រពន្ធ គាត់បានឌុបកូនទៅព្រៃវែងដើម្បីផ្ញើកូនអោយនៅជាមួយលោកយាយមើលថែជំនួសវិញ។ ផ្ញើកូននឹងលោកយាយរួច គាត់បានជិះមកភ្នំពេញវិញ រួចឈប់ម៉ូតូកណ្តាលស្ពានក្បែរបង្កាន់ដៃ ហើយចុះពីលើម៉ូតូ ធ្វើសកម្មភាពលោតទឹកតែម្តង បានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើយ៉ាងខ្លាំង។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឱ្យបុរសរូបនោះអង្គុយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាសិន បន្ទាប់ពីលោតទឹកបានសម្រេច តែចេះហែលទឹក រួចហែលមកច្រាំងវិញដោយខ្លួនឯង។ 

   សមត្ថកិច្ចបានធ្វើការសាកសួរ ទើបបុរសខាងលើរៀបរាប់ដូច្នោះ បន្ទាប់ពីដឹងសាច់រឿងអស់ហើយ សមត្ថកិច្ចក៏បានធ្វើការណែនាំបុរសខាងលើ រួចរង់ចាំឱ្យគាត់បន្ធូរស្មារតីសិន ទើបអនុញ្ញាតអោយគាត់ទៅផ្ទះវិញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖