ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ជាកិច្ចចាប់ផ្ដើម សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ សម្ដេចធិបតីក៏បានស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។
លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការWIPO និងប្រទេសកម្ពុជា។ លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា លោកបានស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ៕
ដោយ៖ តារា