ខេត្តរតនគិរី៖ ដីព្រៃសហគមន៍មួយកន្លែងបច្ចុប្បន្នការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព្រំប្រទល់ស្រុកតាវែងត្រូវបានគេប្រទះឃើញមានគំនរចម្រៀកឈើយ៉ាងច្រើននៅទីនោះដែលក្រុមឈ្មួញចូលកាប់អារច្រៀកសម្រាប់ដឹកដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម។
ការប្រទះឃើញនោះគឺក្រុមអ្នកកាសែតបានចូលទៅដល់ក្នុងព្រៃសហគមន៍នោះនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤ត្រង់ចំណុចអូរឡាប៉រស្ថិតក្នុងភូមិមុយ ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ក្រុមអ្នកកាសែតបានប្រទះឃើញឈើដែលគល់ឈើមានមុខកាត់ធំៗនៅជាប់នឹងដីដែលគេកាត់ផ្តាច់និងមួយចំនួនបានអារច្រៀករួចនៅរាយប៉ាយយ៉ាងអនាធិបតេយ្យពាសពេញព្រៃសហគមន៍នោះ។
តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ជាដីព្រៃសហគមន៍ធ្លាប់អាស្រ័យផលរណ្តៅជ័រនិងប្រកបចម្ការវឹលជុំកន្លងមកតាមតំបន់នោះ បច្ចុប្បន្នត្រូវបានការពារដោយខាងបរិស្ថាន។
ប្រជាពលរដ្ឋបង្ហើបបន្តថា ស្នាក់ការបរិស្ថាននៅទីនោះគ្រប់គ្រងដោយលោក មុំ ពិសិដ្ឋ ហើយបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទឱ្យឃ្លាំមើលតាមព្រៃនិងហាមបងប្អូនប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនិងដាំដុះដំណាំផ្សេងទៀតដូចជាស្វាយចន្ទី ដាំដំឡូងមីជាដើមផងមិនអនុញ្ញាតឱ្យចូលធ្វើបន្តទៀតទេ ដោយបានដាក់ដីព្រៃនោះក្នុងដែនបរិស្ថានទៅហើយ។
ពួកគាត់បន្តថា តែផ្ទយទៅវិញបែរជាលោក មុំ ពិសិដ្ឋ ប្រធានស្នាក់ការបរិស្ថាននោះមានការឃុបឃិតជាមួយនឹងក្រុមឈ្មួញអនុញ្ញាតឱ្យយកម៉ាសុីន រណារយន្តជាច្រើនគ្រឿងចូលទៅកាប់អារច្រៀកឈើដើមធំៗពាសពេញព្រៃដែលស្ថិតក្នុងដែនខ្លួនគ្រប់គ្រងមិនកោតញញើតបទបញ្ជាថ្នាក់លើឡើយ។
ប្រភពបង្ហើបបន្តទៀតថា ជាថ្នូរនឹងការអនុញ្ញាតឱ្យក្រុមឈ្មួយកម៉ាសុីន រណារយន្តចូលទៅអារច្រៀកឈើពាសពេញព្រៃដើម្បីយកទៅលក់នៅប្រទេសវៀតណាមនោះគឺតម្រូវឲ្យបង់ប្រាក់៨០ម៉ឺនរៀលក្នុងរណារយន្តមួយគ្រឿង។
ដីព្រៃសហគមន៍ដែលគ្រប់គ្រងដោយបរិស្ថាននោះមានទំហំរាប់រយហិកតាឯណ្ណោះនៅចំណុចអូរឡាប៉រ ស្រុកអណ្ដូងមាសជាប់ព្រំប្រទល់នឹងស្រុកតាវែងនោះប្រាកដជានឹងរងនូវការវិនាសហិនហោចដោយសារស្ថិតក្រោមការគ្រប់គ្រងរបស់លោក មុំ ពិសិដ្ឋ ជាប្រធានស្នាក់កាបរិស្ថានមិនខានឡើយ។
ក្នុងពេលបច្ចុប្បន្នក្រុមឈ្មួញដែលចូលទៅកាត់អារច្រៀកឈើយកទៅលក់ឲ្យឈ្មួញវៀតណាមនោះឆ្លងកាត់តាមច្រករបៀងដីព្រៃការពារដោយបរិស្ថាននោះឯងដែលជាច្រកអំណោយផលក្នុងការឃុបឃិតគ្នាប្រព្រឹត្តទុច្ចរិតបទល្មើសព្រៃឈើនោះជាតំបន់ដាច់ស្រយាលលាក់បាំងបានយ៉ាងស្ងៀមស្ងាត់។
ទាក់ទិននឹងការចោទប្រកាន់ថាបានឃុបឃិតនឹងក្រុមឈ្មួញអនុញ្ញាតឲ្យយករណារយន្តចូលកាប់ឈើលក់ឲ្យវៀតណាមយកលុយ៨០មុឺនរៀលក្នុងរណារយន្តមួយគ្រឿងនោះយើងមិនអាចសុំការបំភ្លឺពីលោកមុំ ពិសិដ្ឋ ប្រធានស្នាក់ការបរិស្ថាននោះបានទេ ដោយទូរស័ព្ទចូលទទួលហើយប្រាប់ថាជាប់រវល់៕
ដោយ ៖ ជីវ័ន្ត