ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ឆាយសុផល ៖ ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន គឺមាន​សារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះដឹងឬទ្រព្យសម្បត្តិរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៏ថា ក្រមសីលធម៌ និង​វិជ្ជាជីវៈមាន​សារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះដឹងឬទ្រព្យសម្បត្តិរបស់ខ្លួន។

ការ មានប្រសាសន៏បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់សរសេរព័ត៌មាន ។

ដោយមានការចូលរួមពីសំណាក់ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកចុះ ជួយសម្របសម្រួលការងារមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង នៅសាល ប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង។

លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូន ពីស្ថានភាពទូទៅរបស់មន្ទីរព័ត៌មាន និងចំនួនអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការនៅក្នុងខេត្ត មានស្ថានីយ៍វិទ្យុជាតិ និងឯកជន ផ្សាយផ្ទាល់ចំនួន ៦ និងផ្សាយបន្ត ៤ស្ថានីយ, ស្ថានីយទូរទស្សន៍ចំនួន ១០ស្ថានីយ, ស្ថានីយ ទូរទស្សន៍ខ្សែកាប្តិ៍ចំនួន ៣, កាសែតចំនួន ៣អង្គភាព និងគេហទំព័រចំនួន ២២អង្គភាព។

លោក បណ្ធិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​សង្កត់ធ្ងន់ថា អ្នកកាសែតត្រូវយល់​ដឹង​ឱ្យច្បាស់​ពីភារកិច្ច​ ក្រមសីលធម៌ និង​សិទ្ធិរបស់​ខ្លួន​ ដើម្បីបង្កើនចំណេះរបស់អ្នក​កា សែត គឺ​ត្រូវតែមានការយល់ដឹងទូលាយ ហើយ​ត្រូវតែ​យល់​ដឹង​អំពីសង្គម​របស់​យើង ។

លើសពីនេះទៀត​ លោកបានបន្តថា  ក្នុងការបើក​វគ្គបណ្តុះ​បណ្តាលនេះ សិក្ខាកាមទាំងអស់​បាន​យល់ដឹងបន្ថែមពីក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន​ប្រ កបដោយ​ផ្លែផ្កា ហើយ​គណៈកម្មាធិការបណ្តុះបណ្តាល​វិជ្ជាជីវៈសារព័ត៌មាន និង​វិក្រឹត្យការ​ក្រសួង​ព័ត៌មាន​ នឹង​បន្តខិតខំប្រឹងប្រែង​បង្កើត​កម្មវិធីវគ្គបណ្តុះបណ្តាល​ ក៏ដូចជាសិក្ខាសា លា​ផ្សេងៗជាបន្តបន្ទាប់​ដែល​ជា​ផលប្រយោជន៍ដល់​ការ​​បង្កើនសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន និង​ក្រម​សីលធម៌ ដល់អ្នកសារព័ត៌មាន​ ក្នុង​គោលដៅ​លើលើកស្ទួយវិស័យព័ត៌មាន។

បន្ថែមលើសពីនេះទៅទៀតលោក ឆាយ សុផល ក៏បានស្នើរសុំអោយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង មិនត្រូវឈ្លោះគ្នា និងត្រូវចេះស្រលាញ់និងសាមគ្គីភាពគ្នា ទៅវិញទៅមក ទោះបីជានៅអង្គភាពផ្សេងពីគ្នា ក៏ដោយ ពីព្រោះដើម្បីកុំអោយមហាជនទូទៅ ធ្វើការរិះគន់។

សូមបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់សរសេរព័ត៌មាន នៅមន្ទីរព័ត៌មានខេត្តស្វាយរៀងដែលមាន លោក ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាគ្រូ ឧទ្ទេសនាម នាពេលនេះ គឺ​​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រខ្ពស់​ដោយ​សារ​តែការប៉ិនប្រសប់ បង្ហាត់បង្ហាញ ពន្យល់​ និងការចែករំលែកបទពិសោធន៍ ល្អៗ យូឆ្នាំមក របស់លោកផងដែរ។

បន្ទាប់មក លោកបណ្ឌិត ឆាយ សុផល និងលោក ឡុង សេង  បានយកនូវអាវ ដែលជា អំណោយរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសៀវភៅប្រវត្តិសាស្រ្ត (នាយករដ្ឋមន្រ្តី ៣៧រូប និងសៀវភៅ ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង ៤០ឆ្នាំ) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្តស្វាយរៀង៕

ដោយ៖ សុថាន


ចែករំលែក៖