ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ អក្សរសាស្រ្តខ្មែរ ជាដួងព្រលឹងជាតិ ហើយនេះជាភារកិច្ចរបស់យើងម្នាក់ៗស្មើៗគ្នា!

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមចូលរួមអបអរសាទរដល់កម្មវិធីសរសេរតាមអាន «សំណេរអង្គរ» ដែលបានប្រព្រឹត្តទៅកាលពីព្រឹកម៉ិញនេះ នៅស្ពានហាលនៃប្រាសាទអង្គរវត្ត លើកទឹកដីអង្គរ ។ គំនិតផ្តួចផ្តើមដ៏ល្អនេះ ពិតណាស់គឺជាការរួមចំណែកដល់ការចូលរួមអភិរក្ស ថែរក្សា និងលើកស្ទួយអក្សរសាស្រ្តខ្មែរដែលជាអត្តសញ្ញាណមួយរបស់ជាតិ។ ជាពិសេស ការរៀបចំកម្មវិធីនៅក្នុងទីតាំងដែលជាសម្បត្តិបេតកភណ្ឌរបស់ជាតិ គឺជាការផ្សារភ្ជាប់កុលបុត្រខ្មែរទៅនឹងព្រលឹងបុព្វបុរស ដូនតារបស់យើង។ អក្សរសាស្រ្ត និងភាសាខ្មែរគឺជាមូលដ្ឋាននៃខឿនប្រជាជាតិ និងអត្តសញ្ញាណជាតិ ដែលបានកកើតលើទឹកដីខ្មែរអស់កាលដ៏យូរលង់ ដែលឆ្លុះបញ្ចាំងពីអារ្យធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរ។ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមអ្នកស្រលាញ់អក្សរសាស្រ្តជាតិឱ្យបន្តសកម្មភាពនេះឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ 

លោករដ្ឋមន្ត្រី បានបន្តថា ៖ សូមបងប្អូនជនរួមជាតិចូលរួមលើកស្ទួយអក្សសាស្រ្តជាតិរបស់យើង ជាពិសេសចូលរួមប្រើប្រាស់អក្សរសាស្រ្តឱ្យបានត្រឹមត្រូវ និងឱ្យបានច្រើនខណៈដែលលទ្ធភាព និងភាពសម្បូរបែបនៃការប្រើប្រាស់អក្សរខ្មែរឥលូវមានកាន់តែទូលំទូលាយក្នុងយុគសម័យឌីជីថល។ ខ្ញុំពិតជាមានមោទនភាព ដែលកម្មវិធីទទួលការចូលរួមពីប្រជាពលរដ្ឋគ្រប់ទិសទី ដែលរួមមានទាំងព្រះតេជគុណព្រះសង្ឃ កុមារាកុមារី ក៏ដូចជាយុវជនយ៉ាងច្រើនកុះករ ដែលនេះសរបញ្ជាក់ឱ្យឃើញថា កូនខ្មែរមានស្មារតី និងឆន្ទៈក្នុងការការពារថែរក្សា អ្វីដែលជាអត្តសញ្ញាណជាតិរបស់យើង។អក្សរសាស្រ្តខ្មែរ ជាដួងព្រលឹងជាតិ ហើយនេះជាភារកិច្ចរបស់យើងម្នាក់ៗស្មើៗគ្នា! ៕

ដោយ ៖ សិលា


ចែករំលែក៖