ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តជាំងស៊ូ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ចែករំលែក៖

ភ្នំពេញ ៖ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : ក្នុងដំណេីរទស្សនកិច្ចសិក្សានៅប្រទេសចិន​ លោកបានដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម​ Xia Xinmin អភិបាលរងខេត្តជាំងស៊ូ ដេីម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីវិស័យ​ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងលំនៅឋាន។

លោករដ្ឋលេខាធិការបានបន្តថា : នៅរសៀលថ្ងៃដដែល គណៈប្រតិភូក្រសួង ចូលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់ជាមួយ លោកស្រី Wang Xuefeng ប្រធានមន្ទីរអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង-ជនបទ ខេត្តជាំងស៊ូ និងថ្នាក់ដឹកនាំមន្ទីរ ស្ដីពីការរៀបចំទីក្រុងវៃឆ្លាត (Smart City) ដែលបានប្រើប្រាស់ប្រព័ន្ធបញ្ញាសប្បនិម្មិត AI, គោលនយោបាយលំនៅឋាន និងការគិតគូពីការរៀបចំសំណង់អគារ ពិសេសបទពិសោធក្នុងការដោះស្រាយលើសំណង់អគារជាប់គាំង និងការកែលម្អលើសហគមលំនៅឋានចាស់ក្នុងទីក្រុង។

លោកថ្លែងទៀតថា : ជាមួយគ្នានោះ​ ខ្ញុំក៏បានសំណូមពរដល់ភាគីចិន ពិសេស មន្ទីរអភិវឌ្ឍន៍លំនៅឋាន និងទីក្រុង-ជនបទ ខេត្តជាំងស៊ូ ក្នុងការបញ្ជូនអ្នកជំនាញរបស់ខ្លួន ដើម្បីធ្វើការបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធ ក្នុងការរៀបចំទីក្រុង និងការអភិវឌ្ឍវិស័យលំនៅឋាន ដល់មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយលោកស្រី Wang Xuefeng បានស្វាគមន៍ និងរីករាយសហការលើគំនិតផ្ដួចផ្ដើមមួយនេះ៕

ដោយ ៖ សិលា


ចែករំលែក៖