ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ឌិត ទីណា៖​ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នឹងដើរតួនាទីយ៉ាងសំខាន់ លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារឱ្យបានដល់កសិករ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤​ បានអញ្ជើញចូលរួមពិភាក្សាអំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្មដើម្បីអភិវឌ្ឍជីវភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់ក្រសួង និយាយដោយឡែក និងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម និយាយជារួម គឺការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ 

បើតាមលោករដ្ឋមន្ត្រី ប្រការចំបាច់មួយទៀត គឺការធ្វើការរួមគ្នា និងទទួលខុសត្រូវរួមគ្នា ដើម្បីប្រជាពលរដ្ឋ ព្រោះយើងមានគោលដៅរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញលើកកម្ពស់វិស័យកសិកម្ម បង្កើនចំណូលនិងផលចំណេញដល់កសិករ ក៏ដូចជាធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចលើគ្រប់អនុវិស័យទាំងអស់។ 

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់បន្ថែមថា សមាគមកសិកម្ម ត្រូវពិនិត្យលទ្ធភាពចូលរួម និងធ្វើការជាមួយគម្រោង និងដៃគូអភិវឌ្ឍនានា ដែលមានគោលដៅច្បាស់លាស់ ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើការ និងដោះស្រាយបញ្ហាជាមួយគ្នាក្នុងខ្សែច្រវាក់តម្លៃ តាំងពីការផលិតរហូតទីផ្សារ។ ទន្ទឹមនឹងនេះដែរ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ នឹងដើរតួនាទីយ៉ាងសំខាន់ លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយព័ត៌មានកសិកម្ម និងទីផ្សារឱ្យបានដល់កសិករ៕

ដោយ៖ តារា


ចែករំលែក៖