ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះបេីកយុទ្ធនាការចុះត្រួតពិនិត្យ​ និងបង្ក្រាបបទល្មើសនៅបឹងទន្លេសាប​ ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​៖​ រដ្ឋបាល​ជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​ កាលពីថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៤​ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប​ បេីកយុទ្ធនាការចុះត្រួតពិនិត្យ​ និងបង្ក្រាបបទល្មេីស​នេសាទ​ ដឹកនាំ​ដោយ​ លោក អុឹង គឹមលាង​ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពី​ក្រុមការងាររដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ព្រមទាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង សរុបចំនួនប្រមាណ ៣៩នាក់ ។ 

ក្នុងយុទ្ធនាការនេះ​ដែរ​ ក្រុមការងារបានប្រើប្រាស់ទូកចំនួន ៣គ្រឿង​ និងបានចុះអនុវត្តចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបរហូតដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង រួមមាន ៖ ក្បាលលបចំនួន ៨ និងរបាំងសាច់អួនប្រវែង ១​ ៦០០ម៉ែត្រ (លើសប្រវែងកំណត់ និងលើសទំហំក្រឡាសាច់អួន) ចម្រឹងចំនួន ៤០០ដើម ព្រមទាំងបានព្រលែងត្រីចម្រុះចំនួន ២០គីឡូក្រាមផងដែរ។ 

បន្ទាប់ពីចុះអនុវត្តរួច លោក អុឹង គឹមលាង អភិបាល​រង​ខេត្ត​ បានជំរុញដល់ថ្នាក់ដឹកនាំ  និងមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការតាមដានស្ថានភាពប្រជាសាស្ត្រ និងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ ដោយធ្វើការចុះស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋាន និងរៀបចំធ្វើផែនទីតាមគោលដៅនីមួយៗ ដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងអស់នោះ​ ។ 

សូមបញ្ជាក់​ផងដែរថា​ ការបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនេះ​ គឺដេីម្បីធ្វើការអប់រំណែនាំដល់ប្រជានេសាទដែលបាន​ប្រើប្រាស់ឧបករណ៍នេសាទខុសពីច្បាប់ស្តីពីជលផល និងដេីម្បីចូលរួមការពារពូជត្រី​ ពិសេស​ក្នុងតំបន់ហាមឃាត់​ តំបន់អភិរក្ស​ តំបន់ត្រីមេពូជ​ ព្រមទាំងជីវិតសត្វជីវៈចម្រុះក្នុងបឹងទន្លេសាប​ ទុកសម្រាប់​កូនចៅយេីងជំនាន់ក្រោយ​៕

ដោយ​៖ តារា​


ចែករំលែក៖