ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ ដោយពិនិត្យពិភាក្សាការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការពិនិត្យស្ថានភាពបុគ្គលិកសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបនៃកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ និងវឌ្ឍនភាពការងារ ព្រមទាំងបញ្ហាប្រឈម ដោយលោក ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ រួចមក អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើការងារសម្រាប់ថ្នាក់ក្រោមជាតិ ដើម្បីរៀបចំយន្តការការងារបន្ត រួមមាន៖
១) ធ្វើបច្ចុប្បន្នភាពអង្គភាព និងមន្ត្រីកំពុងបម្រើការងារជាក់ស្តែង ។
២) រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រមូលទិន្នន័យ ។
៣) យន្តការរបស់ស្ថាប័ន ៤) ពេលវេលាអនុវត្តន៍ ។
និង ៥) ប្រភពថវិកាគាំទ្រ។
ក្រោយពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធបានពិភាក្សាការងារដែលបានកំណត់ និងបញ្ហាដែលបានជួបប្រទះ ព្រមទាំងមតិយោបល់ជាធាតុចូលយ៉ាងច្រើនរួចមក អង្គប្រជុំបានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការប្រមូលទិន្នន័យរបស់ក្រសួងមុខងារសាធារណៈ ដែលកំពុងរៀបចំនៅពេលនេះ និងសម្រេចឯកភាពលើការងារប្រមូលទិន្នន័យជាក់ស្តែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១) កម្មវិធីបច្ចុប្បន្នភាពទិន្នន័យ នៅទីតាំងផ្តលសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងទីតាំងផ្តល់សេវាអប់រំ ២) ក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងមុខងារសាធារណៈ ត្រូវរៀបចំសេចក្តីព្រាងឯកសារទស្សនៈទានសម្រាប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យ ទាំងផ្អែកសុខាភិបាល ទាំងផ្នែកអប់រំ ឱ្យបានរួចរាល់នៅពីរសប្តាហ៍ទៀត ៣) ក្រុមការងារបច្ចេកទេសឌីជីថល ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នា ដើម្បីពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារួមគ្នាក្នុងទទួលខុសត្រូវការរៀបចំបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ៕
ដោយ ៖ សិលា